សង្គម

អភិបាលខេត្តស្ទឹងត្រែង ណែនាំពលរដ្ឋចូលរួមថែរក្សា ការពារសត្វផ្សោត ដែលជារតនៈសម្បត្តិដ៏កម្ររបស់ជាតិ

image


ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារសត្វផ្សោតឲ្យបានគង់វង់យូរអង្វែង ព្រោះវាជារតនសម្បត្តិដ៏កម្ររបស់ជាតិ ក៏ដូចជារតនសម្បត្តិដ៏កម្ររបស់ពិភពលោក។ ការណែនាំដូចនេះ ពេលចុះសួរសុខទុក្ខក្រុមឆ្មាំទន្លេ នៅឯស្នាក់ការអភិរក្សសត្វផ្សោតត្បូងខ្លា ស្រុកសៀមបូក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។​

លោក សរ សុពុត្រា បានថ្លែងដោយមោទនៈភាព កាលពីពេលកន្លងទៅថា មានកូនផ្សោតបានកើតឡើងថ្មី នៅតំបន់អភិរក្សអន្លង់ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក៏បសនសរសើរដល់មន្ត្រីជលផល និងក្រុមអភិរក្សឆ្មាំទន្លេ ដែលបានខិតខំចូលរួមធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗស្តីពី ច្បាប់ជលផលជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង និងខិតខំចុះល្បាតការពារនូវធនធានជលផលទាំងយប់ទាំងថ្ងៃដូចភ្លៀងរលឹម ដើម្បីផលប្រយោជន៍រួមរបស់ជាតិ ដោយមិនខ្លាចនឿយហត់ថែមទៀត។

យោងតាមរបាយការណ៍របស់ជលផលរបស់ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កាលពី៤-៥ទស្សវត្សន៍កន្លងមក សត្វផ្សោត Irrawaddy នៃទន្លេមេគង្គ ឬហៅថា សត្វផ្សោត ធ្លាប់មានរស់នៅរាយប៉ាយក្នុងដែនជម្រកដ៏ធំទូលាយតាមដងទន្លេមេគង្គ និងដៃទាំងបីនៃទន្លេ រួមមាន ទន្លេសេកុង សេសាន និងទន្លេស្រែពក និងក្នុងបឹងទន្លេសាប។

បច្ចុប្បន្នសត្វផ្សោតទាំងនេះ មានរស់នៅតែប៉ែកខាងលើនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជាក្នុងចម្ងាយសរុបប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីក្បាលកោះទ្រង់ ក្រុងក្រចេះ ក្នុងខេត្តក្រចេះ ដល់ជួរល្បាក់ទឹក Khone(ខោន) នៅក្នុងប្រទេសឡាវ។ ដងទន្លេមេគង្គដែលមានចម្ងាយប្រមាណ​១៨០គីឡូម៉ែត្រនេះ សម្បូរទៅដោយទីជម្រកដែលមិនទាន់ទទួលរងការបំផ្លិចបំផ្លាញច្រើននៅឡើយ រួមមាន ព្រៃលិចទឹកតាមរដូវកាល ច្រាំងខ្សាច់ អន្លង់ទឹកជ្រៅ ជួរទឹកដែល សម្បូរទៅដោយថ្មប៉ប្រះទឹក បណ្តាកោះដែលលិចទឹកតាមរដូវកាល និងព្រៃលិចទឹកនៅតាមច្រាំងទន្លេ។ ទីជម្រកទាំងនេះ មានសារៈសំខាន់មិនត្រឹមតែសម្រាប់វារីសត្វដើម្បីជ្រកពួនរកចំណី ធំធាត់ និងបង្កាត់ពូជប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងទ្រទ្រង់ដល់ការរស់រានមានជីវិតរបស់ប្រភេទសត្វនៃក្រុមថនិកសត្វ ក្រុមជលជលិកសត្វក្រុមឧរង្គសត្វ និងសត្វស្លាបទឹកដែលទទួលរងការគំរាមកំហែងជាសាកលផងដែរ។ នៅរដូវប្រាំងសត្វផ្សោត តែងតែមករស់នៅផ្តុំគ្នានៅក្នុងតំបន់ស្នូលសំខាន់ៗចំនួនបួន ដែលមានកំណត់នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពី “ការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វសផ្សោតទន្លេមេគង្គ លេខ១៥៥ អនក្រ.បក ចុះ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២។

លោកបន្តថា សត្វផ្សោតទន្លេមេគង្គត្រូវ បានចាត់ថ្នាក់ ជាប្រភេទសត្វទទួលរងការគំរាមកំហែងជិតផុតពូជនៅ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN ក្នុងឆ្នាំ ២០០៤ (Smith & Beasley, 2004) និងជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទ ក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុបចំនួន ៥៨ប្រភេទ ដែលមានកំណត់ក្នុងអនុក្រឹត្យស្ដីពី “ការកំណត់ប្រភេទផល និងផលិតផលជលផលកំពុងរងគ្រោះថ្នាក់ លេខ ១២៣ អនក្រ.បក ចុះថ្ងៃទី ១២ ខែសីហាឆ្នាំ២០០៩។ ក្រៅពីនេះ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញាស្តីពី “ការធ្វើពាណិជ្ជកម្មលើប្រភេទសត្វ និងរុក្ខជាតិកំពុងទទួលរងគ្រោះថ្នាក់ ដែលហៅកាត់ថាCITES 1។

លោកប្រធានមន្ទីរកសិកម្ម បានបន្តឲ្យដឹងថា ក្រុមការងារជលផល បានខិតខំប្រឹងប្រែងការពារធនធានជលផល និងបង្ក្រាបបានបទល្មើសរយៈពេល៤ខែចុងក្រោយនេះ
ដកហូតមង ដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ១០.១៤៥ម៉ែត្រ, ដកហូតសន្ទូចនិងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៨.២៩៤ផ្ល, បញ្ជូនជនសង្ស័យទៅ តុលាការចំនួន ៤នាក់-កិច្ចសន្យាប្រជានេសាទចំនួន ៣៤នាក់-ផ្សព្វផ្សាយ-អប់រំ ណែនាំចំនួន ៩៨នាក់, ទូក ០៣គ្រឿង, ម៉ាស៊ីន ៣គ្រឿង, កាំភ្លើងកែច្នៃ ១គ្រឿង,​អាគុយ ៤គ្រឿង, ក្បាលឆក់ ៤គ្រឿង, ថ្នងដង, ដងឆក់១គូ, ខ្សែកាប ៣ខ្សែ ប្រវែង ១០ម៉ែត្រ, ខ្សែភ្លើងប្រវែង ១០ម៉ែត្រ, ធុងប្រោសត្រី ១គ្រឿង, ថ្នាំញៀន១កញ្ចប់តូច និងប្រដាប់ជក់គ្រឿងញៀន ១ឈុត, ទូរស័ព្ទ ២គ្រឿង បានលែងត្រីមេពូជ និងត្រីកំពុងរងគ្រោះថ្នាក់ ប្រមាណជា ៤០គីឡូក្រាម ចូលក្នុងដែននេសាទធម្មជាតិវិញ។
សូមជម្រាបថា បច្ចុប្បន្នសត្វផ្សោតនៅក្នុងខេត្តស្ទឹងត្រែងមាននៅក្នុងចន្លោះ២៥-៣០ក្បាលប៉ុណ្ណោះ៕

ដោយ៖ ម៉ាក មេត្តា