នាយកមជ្ឈមណ្ឌល ក្រម ង៉ុយ បញ្ជាក់ថា ការចាប់យកជំនាញអគ្គីសនី និងអេឡិចត្រូនិក មិនខ្វះទេ​នូវមុខរបរ និងការងារធ្វើ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោក តោ សាវ៉ាត នាយកមជ្ឈមណ្ឌល ក្រម ង៉ុយ ដែលជាសាលាបច្ចេកសាស្ត្រ បណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ អគ្គីសនី និងអេឡិចត្រូនិក បានមានប្រសាសន៍ ប្រាប់ទៅកាន់យុវជនថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍ ដូច្នេះហើយ ទាមទារយ៉ាងខ្លាំង នូវអ្នកដែលមានជំនាញផ្នែកអគ្គីសនី និងអេឡិចត្រូនិក។​​

ក្នុងន័យនេះ លោកនាយកមជ្ឈមណ្ឌល បានអះអាងថា អ្នកដែលរៀនជំនាញអគ្គីសនី និងអេឡិចត្រូនិកនេះ ពិតណាស់មិនខ្វះនោះទេ នូវមុខរបរ និងការងារធ្វើ នៅពេលបញ្ចប់ការសិក្សា។ លោកបានមានប្រសាសន៍បន្តថា សិស្សដែលរៀននៅទីនេះ ពេលដែលរៀនចប់ បច្ចេកទេសជាន់ខ្ពស់ ដែលស្មើនឹងបរិញ្ញាបត្ររងនោះ គឺមានការទទួលស្គាល់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចប្រកបមុខរបរ ឬអាចបម្រើការងារឲ្យក្រុមហ៊ុន ដើម្បីរកប្រាក់កម្រៃបាន។

ស្របទៅនឹងការលើកឡើង របស់លោកនាយកមជ្ឈមណ្ឌល, សិស្ស ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលនេះ បានលើកឡើងថា មូលហេតុដែលមកសិក្សា លើជំនាញនេះ ដោយសារមើលឃើញថា ប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍ ដែលធ្វើឲ្យទីផ្សារកាងារ ផ្នែក​អគ្គីសនី និងអេឡិចត្រូនិកនេះ មានភាពទូលំទូលាយ។ ពួកគាត់ក៏លើកទឹកចិត្ត ឲ្យយុវជនជំនាន់ក្រោយទៀត ចាប់យកជំនាញមួយនេះដែរ ដើម្បីជួយឲ្យប្រទេសយើង មានការអភិវឌ្ឍផ្នែកអេឡិចត្រូនិក និងអគ្គីសនីនេះ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។

សូមជម្រាបថា មជ្ឈមណ្ឌលក្រម ង៉ុយ បានចាប់ផ្ដើមបណ្ដុះបណ្ដាល នៅក្នុងឆ្នាំ១៩៩៨, បច្ចុប្បន្ន មានពីរសាខា ទី១នៅរាជធានីភ្នំពេញ និងទី ២ នៅសៀមរាបកន្ទួត ​ស្ថិត​ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយបានបណ្តុះបណ្តាលសិស្ស ជាង២ពាន់នាក់ហើយ៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation