ស៊ុតអែត បង្ហាញការរីករាយ ​ក្នុងការ​ជួយដល់កម្ពុជា លើវិស័យសមភាពយេនឌ័រ   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី៤ ខែកុម្ភៈនេះ បានទទួលជួបជាមួយ ឯកឧត្តម ប្ចន ហាកម៉ាក (Bjorn Haggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

  លោកជំទាវរដ្ឋមន្ត្រី ជាកិច្ចចាប់ផ្តើម បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលស៊ុយអែត ដែលមានទំនាក់ទំនងល្អ ជាមួយនឹងកម្ពុជា ចាប់តាំងពីបង្កើតឡើង នៅក្នុងឆ្នាំ១៩៩១។ ជាពិសេស លោកជំទាវ​ បានថ្លែងអំណរគុណ ដល់ទូតស៊ុយអែត ដែលបានផ្ដល់ជំនួយដល់ ក្រសួងកិច្ចការនារី ​តាមរយៈអង្គការយូអិនឌីភី ទៅលើគម្រោង «ដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ»។ 

  លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ ដែលកន្លងមក ក្រសួងកិច្ចការនារីបានធ្វើ ការផ្លាស់ប្ដូរឥរិយាបថ ក្នុងការឲ្យតម្លៃស្ត្រីនៅកម្ពុជា ពីសំណាក់បុរស។ ក្នុងន័យនេះ សំណូមពរឲ្យស្ថានទូតស៊ុយអែត បន្តជួយធ្វើយុទ្ធនាការបុរសល្អ បន្ថែម​ទៀត ដោយកិច្ចការនេះ ផ្តោតទៅលើយុវជន ព្រោះងាយស្រួល នៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ ក្នុងការឲ្យតម្លៃទៅលើស្ត្រី។ លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា យុទ្ធនាការនេះ ​គឺជាផ្នែកមួយ ជំរុញឲ្យមានសមភាពយេនឌ័រ រវាងបុរសនិងស្ត្រីនៅកម្ពុជា។ 

  ឯកឧត្តមទូតស៊ុយអែត ក្នុងជំនួបនោះ បានមានប្រសាសន៍ថា រដ្ឋាភិបាលស៊ុយអែត ​មានគោលនយោបាយស្ត្រីនិយម គឺមានសមភាពយេនឌ័រ រវាងបុរសនិងស្ត្រី ក្នុងនោះ​ស៊ុយអែត ចង់ជួយកម្ពុជា ឱ្យបុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ដូច្នេះហើយបានស៊ុយអែត បានជួយក្រសួងកិច្ចការនារី តាមរយៈគម្រោង «ដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ»នេះ។

  ពាក់ព័ន្ធនឹងការស្នើសុំ ពីក្រសួងកិច្ចការនារី ឲ្យស៊ុយអែត ជួយលើយុទ្ធនាការបុរសល្អនោះ, ឯកឧត្តមទូតស៊ុយអែត បានបង្ហាញការរីករាយ នឹងសហការជាមួយនៅកម្ពុជា ទៅលើយុទ្ធនាការនេះ ដោយបានទទួលយកសំណើរ ហើយនឹងពិភាក្សាលម្អិតបន្ថែមទៀត​។ ឯកឧត្តមទូត បានបញ្ជាក់ថា ​ស៊ុយអែត​ ​ជាប្រទេសដែល មានគោលនយោបាយស្ត្រីនិយម ហើយចង់ឲ្យប្រទេសកម្ពុជា មានគោលនយោបាយនេះផងដែរ ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញការរីករាយ នៅក្នុងការសហការ ជួយដល់កម្ពុជា លើវិស័យសមភាពយេនឌ័រនេះ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation