រដ្ឋាភិបាលអូស្ត្រាលី ស្វាគមន៍ជួយកម្ពុជា លើវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការ ជាមួយនឹងឯកឧត្តម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ក្នុងឱកាសនោះ មន្រ្តីទូតអូស្ត្រាលី ប្រកាសស្វាគមន៍ជួយកម្ពុជា លើវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម ប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ដែលមានតាំងពីយូរលង់ណាស់មកហើយ ឱ្យកាន់តែរឹងមាំថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាប្លូ ជីហូ កាង បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ឯកឧត្តមបានចូលរួមសោកស្តាយចំពោះការបាក់រំអគារនៅខេត្តកែប ដែលធ្វើឱ្យមនុស្សមួយចំនួនបានមរណភាព និងរងរបួស។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខពាក់ព័ន្ធនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី។

 ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមស្វាគមន៍រាល់សកម្មភាពនានាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម។ ឯកឧត្តមបានរំលឹកអំពី ទំនាក់ទំនងទ្វេភាគីរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ គឺចាប់តាំងពីឆ្នាំ១៩៥២មកម្ល៉េះ។ ទំនាក់ទំនងប្រទេសទាំងពីរ បានចាប់ផ្តើមមានរវាងប្រជាជន និងប្រជាជន រហូតដល់មានទំនាក់ទំនងការទូតជាមួយនឹងគ្នា។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយបាននឹងកំពុងមានការរីកចម្រើន តាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ដូចអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពី ចក្ខុវិស័យរបស់ប្រទេសកម្ពុជា នឹងខិតខំកសាងប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះ កម្ពុជានឹងបន្តកសាងប្រទេសឱ្យសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧,១% ជាងពីរទស្សវត្សកន្លងទៅនេះ៕អត្ថបទ ៖ វង សុភក្រ្ត 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation