គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត លើ​សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។​ ប៉ុន្តែដកមាត្រា៤ និងកែសម្រួលពាក្យពេចន៍ នៅក្នុងមាត្រាមួយចំនួនផងដែរ។

  នេះបើយោងតាមហ្វេសប៊ុកផេក របស់ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយឲ្យដឹង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

  ​គួរជម្រាបថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញ ដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។

  នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាច្រើនគួរឲ្យកត់សំគាល់ និងប្រកបដោយមោទនភាព ដែលបានផ្តល់ផលជាការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន ឲ្យកាន់តែប្រសើរឡើង ទាំងខាងផ្នែកសម្ភារៈ និងស្មារតី តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារជូនប្រជាជន ការធានាសមធម៌សង្គម និងការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច របស់ស្ថាប័នរដ្ឋ។ ជាការពិតណាស់ វិស័យឧស្សាហកម្ម គឺជាកម្លាំងចលករមួយ ដែលមិនអាចខ្វះបាន ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation