អនុប្រធានក្រុមការងារចុះជួយស្រុកបាធាយ អំពាវនាវ ឲ្យអាជ្ញាធរ​បន្តខិតខំ​ថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម​ និងអំពាវនាវ ឲ្យប្រជា​ពលរដ្ឋ ​ចូលរួមថែរក្សាឲ្យបាន នូវសន្តិភាព​   
| ព័ត៌មានជាតិ
SHARE

  កំពង់ចាម ៖ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកបាធាយ និងស្រុកព្រៃឈរ ជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព បន្តជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខិតខំដោះស្រាយ ឱ្យបាននូវបាតុភាព និងភាពអសកម្មផ្សេងៗ ក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណា ឱ្យសមិទ្ធិផលនានា ដែលយើងបានកសាងទាំងអស់នេះ បានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

  ឯកឧត្តមបន្ថែមថា មានសន្តិភាព មានអ្វីៗទាំងអស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការរក្សាឲ្យបាន នូវសន្តិភាព ហើយមិនត្រូវជឿតាមការញុះញង់ របស់ជនអគតិមួយចំនួន ដែលចូលចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សា សមិទ្ធផលនាសព្វថ្ងៃនេះ ឱ្យបានល្អប្រសើរ ដើម្បីការរស់នៅ ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គមគ្រួសារ​។

  ការលើកឡើងនេះ ឯកឧត្តមបានធ្វើឡើង ព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយឯកឧត្តម ប៉ាវ ហេងដារ៉ា រដ្ឋលេខាធិការ និងអនុប្រធានទទួលបន្ទុក ក្រុមការងារចុះជួយស្រុកបាធាយ ក្នុងពិធីបុណ្យឆ្លងហោត្រ័យ សាលាទទួលភ្ញៀវ បង្គោលភ្លើង និងសមិទ្ធផលនានា ក្នុងវត្តបទុមតារារាម ហៅវត្តទួលចាន់ ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

   ឯកឧត្តម សំ សេរីរតន៍ មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ​បាននិងកំពុងតែបន្តអនុវត្ត គោលការណ៍បង្រួបបង្រួមសាសនា ដោយមិនប្រកាន់ទ្រឹស្តី ឬទស្សនៈក្នុងជំនឿសាសនាណាមួយ រួចបង្កទំនាស់ផ្លូវចិត្ត ដល់ពលរដ្ឋខ្មែរគ្រប់រូបនោះទេ។ ឯកឧត្តម យល់ថា ការរីចំរើននៃវិស័យព្រះពុទ្ធសាសនា មិនត្រឹមតែឆ្លុះបញ្ចាំង តាមរយៈការកសាងទីវត្តអារាម គ្រប់កន្លែងនោះទេ តែស្តែងឲ្យឃើញ តាមរយៈការប្រព្រឹត្តតែអំពើល្អ យោគយល់អធ្យាស្រ័យ និងសាមគ្គីភាពរឹងមាំ របស់មនុស្សរស់នៅក្នុងសង្គមជាតិនោះឯង។ 

​  ពាក់ព័ន្ធនឹងបញ្ហា EBA វិញ, ឯកឧត្តមអនុប្រធានក្រុមការងារ បានសំណូមពរ ប្រជាពលរដ្ឋកម្ពុជា កុំមានការភ័យខ្លាច ការបាត់ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។ ឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមទប់ទល់ រួចរាល់អស់ហើយ, ហើយមុន និងក្រោយ EBA គង់តែបាត់ទេ។ ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាល បានរៀបចំជាកញ្ចប់ថវិកាស្រេចរួចទៅហើយ ដើម្បីឆ្លើយតបជាមួយនឹងការដក ឬការកាត់បន្ថយ EBA នេះ៕អត្ថបទ ៖ ស​ន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation