ព័ត៌មានជាតិ

កម្ពុជា និងថៃ តាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឲ្យរឹតតែរឹងមាំ 

image

ក្នុងពិធីសម្ពោធពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ ដែលមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ជូរីន ឡាសានាវិស៊ិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ភាគីទាំងពីរបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យរឹតតែរឹងមាំបន្ថែមទៀតជាពិសេសការធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ពិព័រណ៍ ថប់ថៃប្រេន ២០២០ មានស្តង់ពាណិជ្ជកម្មចំនួន ៣០០ ស្តង់ ដែលបានដាក់តាំងនូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថៃ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំ ជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានរួមសហការពង្រឹង និងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផង និងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគីផង។

យោងតាមរបាយការណ៍ស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង៩.៤១ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨.៣៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះថៃនាំចូលមកម្ពុជាចំនួន៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ៦ភាគរយ ដែលឆ្នាំ២០១៨ មានដល់៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង២.២ពាន់លានដុល្លារ កើនឡើង១៩៥ភាគយ ដែឆ្នាំ២០១៨ មានតែ៧៦៨លានដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ផលិតផលដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។អត្ថបទ÷  អៀវ ឈៀងនី 

ព័ត៌មានទាក់ទង...