របួសមន្ត្រី៩នាក់ ក្នុងឧបទ្ទវហេតុផ្ទុះស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
អ៊ីតាលី៖ មានករណីផ្ទុះស្ថានីយប្រេងឥន្ធនៈមួយកន្លែង កាលពីព្រឹកថ្ងៃសុក្រ នៅឯភាគអាគ្នេយ៍ទីក្រុងរ៉ូម ដោយបានបណ្តាលឱ្យមន្ត្រីយ៉ាងហោចណាស់៩នាក់ទទួលរងរបួស ក្នុងចំណោមនោះមានមន្ត្រីនគរបាលចំនួន៨នាក់ និងអ្នកពន្លត់អគ្គីភ័យម្នាក់ នេះបើយោងតាមការបញ្ជាក់ដោយមន្ត្រីនិងក្រុមអ្នកជួយសង្គ្រោះ ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅម៉ោងប្រហែល ៨ព្រឹក ហើយគេបានលឺសូរសំឡេងផ្ទុះយ៉ាងកងរំពងពេញទីក្រុង ដោយបានបញ្ជូនផ្សែង និងអណ្ដាតភ្លើងយ៉ាងច្រើនក្រាស់ក្រែលទៅលើអាកាស ដែលមើលឃើញពីទីតាំងជាច្រើននៅក្នុងទីក្រុងរ៉ូម ។
អ្នកនាំពាក្យមន្ត្រីនគរបាល លោកស្រី Elisabetta Accardo បានឱ្យដឹងថា មន្ត្រីរងគ្រោះ ទទួលរងរបួសអំឡុងកំពុងឆ្លើយតបនឹងគ្រាអាសន្ន។ អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ទៀតថា មានករណីផ្ទុះតូចៗជាច្រើនបន្តកន្ទុយគ្នាបន្ទាប់ពីការផ្ទុះលើកទីមួយ ហើយមន្រ្តីដែលរងគ្រោះទាំងអស់ ទទួលរងរបួសដោយរលាក ប៉ុន្តែមិនមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតឡើយ ។
បើតាមនាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យមួយរូបដែលទទួលរងរបួសនោះ មិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ១០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងស្វែងរកនៅក្នុងតំបន់នោះ។ បច្ចុប្បន្ន អាជ្ញាធរកំពុងពិនិត្យអគារនៅក្បែរនោះ ដើម្បីប្រាកដថា គ្មាននរណាម្នាក់រងរបួស ឬជាប់គាំងនៅខាងក្នុង។ រហូតមកដល់ពេលនេះ មូលហេតុនៃការផ្ទុះមិនទាន់ត្រូវគេកំណត់ច្បាស់លាស់នៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP | រូបភាព៖ Cecilia Fabiao/ LaPresse via AP