ពលរដ្ឋ ៥០០គ្រួសារ នឹងត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិដើម្បីអាចមានសិទ្ធិទទួលបានដីក្នុងគម្រោងទី១ ក្នុងចំណោមអ្នកចាប់ឆ្នោតបានទាំង ២,៥០០គ្រួសារ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ភ្នំពេញ៖ ការចាប់ឆ្នោតនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជុំទី១ ត្រូវបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើការចាប់ឆ្នោតអស់រយៈពេល៥ថ្ងៃមកនេះ ពោលគឺ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ផងដែរ ក្រោមអធិបតីភាព លោក សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាននៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ) ដោយមានការចូលរួមពីអភិបាលខេត្ត តំណាងអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា។
លោក សរ សុវណ្ណ ប្រធានលេខាធិការដ្ឋាន ផ.ក.អ បានថ្លែងនៅពេលបិទការចាប់ឆ្នោតនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មានសរុបចំនួន ១២,៣២៩គ្រួសារ ដែលត្រូវចាប់ឆ្នោតជុំទី១នេះ ជ្រើសរើសយកអ្នកមានសំណាងចំនួន ២,៥០០គ្រួសារ។ សម្រាប់អ្នកនៅសល់ចំនួន ៩,៨២៩គ្រួសារ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។ ក្នុងការចាប់ឆ្នោតនេះគ្រួសារមានសំណាងចំនួន ២,៥០០គ្រួសារ តាមលំដាប់លេខរៀងដែលចាប់ឆ្នោត បានក្នុងរាជធានី-ខេត្តសាមី ត្រូវបានបែងចែកជាពីរផ្នែក គឺទី១. ចំពោះអ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរសែវ ឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទី២. អ្នកដាក់ពាក្យស្នើសុំដី ដែលមានសំណាងចំនួន ២,០០០គ្រួសារទៀតដែលនៅសល់ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់សម្រាប់ជំនួសបង្គ្រប់ចំនួនកំណត់ ៥០០គ្រួសារ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុងរាជធានី-ខេត្តសាមី។
ប្រធានលេខាធិការដ្ឋាន ផ.ក.អ បានបន្តទៀតថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្រប។ ចំពោះករណីពេលចុះពិនិត្យឃើញថា អ្នកដាក់ពាក្យស្នើសុំដីមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឲ្យគ្រប់ចំនួន ៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុងរាជធានី/ខេត្តសាមី។
លោក សរ សុវណ្ណ បានបញ្ជាក់ថា សម្រាប់ផ្ទៃដីដែលនឹងត្រូវផ្តល់ជូនដល់គ្រួសារនីមួយៗមានផ្ទៃដីទំហំ ៣ហិកតា និងការសាងសង់ផ្ទះជូនពួកគាត់ផងដែរ។ ចំពោះហេដ្ឋរច្ចនាសម្ព័ន្ធត្រូវបានរាជរដ្ឋាភិបាលបានគិតគួររួចរាល់ រួមទាំងការគិតគួរនូវស្បឿងអាហារនៅពេលដែលពួកគាត់ចាប់ផ្តើមទៅរស់នៅលើកដំបូងរហូតដល់ពួកគាត់មានជំហររឹងមាំនៅក្នុងមុខរបរជាកសិករ ដូចជា ការដាំដុះស្រូវ និងបន្លែដំណាំផ្សេងៗ ដោយការបង្កើត ឬចងក្រងជាសហគមន៍ ដែលរៀបចំ ក៏ដូចជាការធានាពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផងដែរ។
គួរបញ្ជាក់ថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕