កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានឱ្យដឹងថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសាកន្លងទៅ។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញកាលពីថ្ងៃទី ០៤ ខែកក្កដាឆ្នាំ ២០២៥ នេះ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ជាមួយគ្នានេះ ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្មអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។
ក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។
ក្រសួងកសិកម្ម បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។
បន្ថែមពីលើនេះ ក្រសួងបានណែនាំដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ទទួលជ្រាប និងបន្តកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដើម្បីជំរុញផលិតកម្ម ការវេចខ្ចប់ និងការនាំចេញផ្លែទុរេនស្រស់កម្ពុជាឱ្យទទួលបានជោគជ័យយូរអង្វែង៕
អត្ថបទ៖ គង់ វណ្ណៈ