សង្គម

សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៧កក្កដា ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ

image

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃចន្ទទី៧ ខែកក្កដា ឆ្នាំ២០២៥​ វេលាម៉ោង៩ព្រឹក នៅវិមានរដ្ឋសភា​ ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមលិខិតពីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ក្រោយពីបានទទួលព្រះរាជសារ ព្រះមហាក្សត្ររួចមក ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រជុំពិនិត្យ ពិភាក្សាលើសេចក្តី ស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ហើយបានអនុម័តយល់ព្រមចំនួន០៩ សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល។

នៅក្នុងលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះមេត្តាជ្រាបដូចតទៅ៖
១-ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាត ឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជា ពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើឃុបឃិត ជាមួយបរទេស ដែលធ្វើឱ្យប៉ះ ពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្ត របស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ក្នុងន័យនេះ ការស្នើសុំធ្វើវិសោធនកម្មបទប្បញ្ញត្តិ នៃមាត្រាខាងលើគឺដើម្បីលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិ ជាធំស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុង របស់ព្រះរាជាណាចក្រកម្ពុជា ដែលវិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើ ឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន ដោយផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដូចខាងក្រោម៖
-មាត្រា១៥៣ ថ្មី(ពីរ មាត្រា១៥១ថ្មី) នៃរដ្ឋធម្មនុញ្ញ ចែងថា “ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ការសើរើឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ”
-មាត្រា១៥៤ ថ្មី(ពីរ មាត្រា១៥២ថ្មី) នៃរដ្ឋ ធម្មនុញ្ញ ចែងថា “ការសើរើ ឬ វិសោធន កម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឱ្យធ្វើ នៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា៨៦។ "
-មាត្រា១៥៥ ថ្មី(ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋ ធម្មនុញ្ញ ចែងថា “ការសើរើ ឬ វិសោធន កម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយកាល បើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្សនិងរបបរាជានិយមអាស្រ័យ ដោយ រដ្ឋធម្មនុញ្ញ។ ”

២-ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន៕

អត្ថបទ៖ វង សុភ័ក្ត្រ