ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ៖ កម្ពុជាថមថយទេសចរខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូណា

image

សៀមរាប ៖ រដ្ឋមន្រ្តីស្តីទី ក្រសួងទេសចរណ៍ ឯកឧត្ដម ទិត ចន្ថា មានប្រសាសន៍ថា កម្ពុជាថមថយទេសចរខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។

ការលើកឡើង របស់ឯកឧត្ដម ទិត ចន្ថា ធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ជាមួយឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករទេសចរណ៍ វិស័យឯកជន តំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធប្រមាណ ១៥០នាក់ នៅសាលាខេត្តសៀមរាប។

ឯកឧត្ដមបញ្ជាក់ថា កម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប៉ុន្តែមានការថមថយខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។ កម្ពុជា គ្មានករណីឆ្លងវីរុសកូរ៉ូណាទៀតនោះទេ។ នៅសៀមរាប-អង្គរ សកម្មភាពទេសចរនៅតែមានសកម្មភាពរស់រវើក ជាពិសេសភ្ញៀវទេសចរអឺរ៉ុបនៅតែមានច្រើន តែមានការថមថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើតរបស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)។

ឯកឧត្ដមបញ្ជាក់ទៀតថា មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយសម្រាប់បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ ក្នុងដំណាក់កាលផ្ទុះការរីករាលដាលវីរុសកូរ៉ូណានេះនៅឡើយទេ ដោយលោកអះអាងថា បញ្ហានេះក្រសួងទេសចរណ៍មិនអាចធ្វើតែឯងបានទេ គឺមានការពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍នេះទៀតដែរ។តែទោះជាយ៉ាងណា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានដំណោះស្រាយជាក់លាក់ណាមួយ ក្នុងដំណាក់កាលលំបាកនេះ។

បញ្ហាមួយចំនួនដែលតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដូចជាបញ្ហាពន្ធដារ អគ្គិសនី ការប្រាក់នៅធនាគារជាដើម សំដៅសម្រួលមធ្យោបាយជូនក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ជាដើម ដែលពួកគេកំពុងជួបបញ្ហាក្នុងការចំណាយច្រើន ខណៈចំណូលដែលផ្អែកលើការមកទស្សនា ការមកស្នាក់នៅ ឬការប្រើប្រាស់សេវាកម្មរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ។

ឯកឧត្ដមរដ្ឋមន្ត្រី ស្ដីទីក្រសួងទេសចរណ៍ សង្កត់ធ្ងន់ថា កម្ពុជានៅតែស្វាគមន៍វត្តមានទេសចរអន្តរជាតិគ្រប់គ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់ ប៉ុន្តែនៅតែមានការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាល និងសូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ជាមួយគ្នានោះ ឯកឧត្ដម ទិត ចន្ថា បានរំលេចសារអំពាវនាវមួយឃ្លាថា «អង្គរឈរជាងមួយពាន់ឆ្នាំ រង់ចាំភ្ញៀវមកទស្សនា មិនភ័យរឿងកូរ៉ូណា»៕