ព័ត៌មានជាតិ

ក្រសួងការបរទេស៖ ជំហរកម្ពុជាគឺបដិសេធរាល់ការប៉ុនប៉ងពីខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬ ជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

image

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA។សេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល SWIFT NEWS ទើបទទួលបាន បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាមានការសោកស្ដាយចំពោះសេចក្តីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការគ្រប់នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្ដោះអាសន្ននៅផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្ដិស្ដីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) របស់សហភាពអឺរ៉ុប។

ក្រសួងការប្រទេសបន្តថា ទស្សនទានស្ដីពីការរំលោភបំពានធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ ដូចបានចែងក្នុងបទប្បញ្ញត្តិស្ដីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្ដើមចេញពីការភាន់ច្រឡំនិងការយល់ខុសអំពីតថភាពជាក់ស្ដែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្ដើមនិតិវិធីដកប្រពន្ធអនុគ្រោះពន្ធពីកម្ពុជា។

ក្រសួងការប្រទេស បន្ថែមថា បើទោះជាផ្អែកលើគុណតម្លៃនិងគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះគឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិតួយ៉ាង ដូចជាគណៈកម្មាការអឺរ៉ុប ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន ។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តិកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់«វឌ្ឍនភាពជាក់ស្ដែង» ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្ដូរ ដើម្បីជំនួយអភិវឌ្ឍន៍ឡើយ។

រដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬ ជំនួយអភិវឌ្ឍន៍ ដើម្បីជាលេស ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ស្របគ្នានេះដែរ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយគត់ ដែលកំពុងត្រូវបានអនុវត្តដោយអនុលោមយ៉ាងពេញលេញតាមច្បាប់កម្ពុជា និងស្ថិតនៅក្រោមយុត្ថាធិការនៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ក្រៅពីនេះសកម្មភាពទាំងអំអម្បាលមាណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្ដែងចេញ ក្នុងដំណាក់កាលនៃកិច្ចសន្ទនាគឺមានខ្លឹមសារគួរឲ្យកត់សម្គាល់លើសពីអ្វីដែលជាក្តីកង្វល់របស់សហភាពអឺរ៉ុបទៅទៀត។ ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លី ,សិទ្ធិការងារ និងសេរីភាពសារព័ត៌មាន ដែលគណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថា មានវឌ្ឍនភាពជាក់លាក់នោះ ក៏រាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយកង្វះខាតនានាដែលនៅសេសសល់បន្ថែមទៀតដែរ។

ចំពោះលំហរនយោបាយវិញ ក្រសួងការបរទេសសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានប្រកបដោយភាពស្មោះត្រង់ លើកលែងតែសកម្មភាពទាំងឡាយណាដែលប៉ះពាល់និងអធិបតេយ្យជាតិប៉ុណ្ណោះ។

ដើម្បីទុកជាកំណត់ហេតុនិងឈរលើគោលការណ៍តម្លាភាព កម្ពុជា សូមគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយបង្អស់នៅឆ្នាំ២០១៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងសមាគមដែលបានចុះបញ្ជីចំនួនជាង ៥ម៉ឺនស្ថាប័ន ,ស្ថាប័នសារព័ត៌មានចំនួន ៨០០ ,សារព័ត៌មានអនឡាញចំនួន ៧០ ,ស្ថានីយទូរទស្សន៍ចំនួន ២២ និងស្ថានីយវិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែ ៣គត់ នៅអាស៊ាន ដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង ៨ ក្នុងវិស័យការងាររបស់អង្គការពលកម្មអន្តរជាតិ(ILO) ដែលអនុញ្ញាតឲ្យកម្មករមានសហជីពចុះបញ្ជីដល់ទៅ ៥០៤៥។ ទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាជា «ភុស្តុតាំងយ៉ាងច្បាស់» ថា ប្រជាជនកម្ពុជានៅពេលនេះកំពុងទទួលអំណរជាមួយនឹងសេរីភាពនយោបាយ ,លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានក្តីរំខាន។

ទោះបីជាបែបនេះក្តី នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ ក្រសួងការប្រទេសកម្ពុជា បានអះអាងថា ទោះបីជាមានសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មនេះក្តី កម្ពុជានៅតែមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀតដោយឈរលើស្មារតីនៃការគោរព នឹងការទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ខ្លួនក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់៕