ព័ត៌មានអន្តរជាតិ

មេដឹកនាំហុងកុងបង្កើនមូលនិធិដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស

image

នៅថ្ងៃអង្គារនេះ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសបង្កើនមូលនិធិដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស។

លោកស្រី ឡាំ បាននិយាយថារដ្ឋាភិបាលនឹងបង្កើនមូលនិធិរហូតដល់៣,៦ពាន់លានដុល្លារអាមេរិកដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ដែនកោះនេះ។

មេរោគកូរ៉ូណាវីរុសបានសម្លាប់មនុស្សជាង១ពាន់៨រយនាក់ហើយនៅទូទាំងចិនដីគោក ខណៈដែលនៅហុងកុងក៏មានអ្នកជំងឺម្នាក់ក្នុងចំណោម៦០នាក់បានបាត់បង់ជីវិតដោយសារមេរោគនោះផងដែរ។

ពលរដ្ឋមានការខឹងសម្បារចំពោះដំណោះស្រាយរបស់លោកស្រី ឡាំ ពាក់ព័ន្ធនឹងវិបត្តិនេះដោយក្រុមអ្នករិះគន់បានអំពាវនាវឲ្យលោកស្រីបិទព្រំដែនទាំងអស់ជាមួយចិនដីគោកនិងបុគ្គលិកវេជ្ជសាស្ត្រមួយចំនួនបាននាំគ្នាធ្វើកូដកម្ម។ ប៉ុន្តែលោកស្រី ឡាំ បាននិយាយថាការបិទព្រំដែនទាំងអស់គឺជារឿង មិនសមរម្យនិងជាការរើសអើង។

ស្របពេលជាមួយគ្នានោះលោកស្រី ឡាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អ្នកដំណើរជនជាតិហុងកុងជាង៣រយនាក់ដែលស្ថិតនៅលើនាវាកម្សាន្តមួយគ្រឿងដែលត្រូវបានដាក់ឲ្យនៅដាច់ពីគេនៅក្នុងប្រទេសជប៉ុននឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលមួយដើម្បីដាក់ឲ្យនៅដាច់ពីគេបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរមកដល់ហុងកុងនៅថ្ងៃព្រហស្បតិ៍៕