ព័ត៌មានអន្តរជាតិ

ជប៉ុនគ្រោងសាកល្បងប្រើថ្នាំព្យាបាលមេរោគអេដស៍ដើម្បីព្យាបាលមេរោគកូរ៉ូណាវីរុសខណៈដែលការជម្លៀសមនុស្សចេញពីនាវាកម្សាន្តកំពុងបន្ត

image

ប្រទេសជប៉ុនគ្រោងសាកល្បងប្រើថ្នាំព្យាបាលមេរោគអេដស៍ដើម្បីព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណាវីរុសខណៈដែលការកើនឡើងនៃករណីឆ្លងបានបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចព្រមទាំងបញ្ហាសុខភាពសាធារណៈក្នុងប្រទេសនេះ។

អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងរៀបចំដើម្បីឲ្យការសាកល្បងប្រើប្រាស់ថ្នាំព្យាបាលមេរោគអេដស៍ដើម្បីព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណាវីរុសអាចចាប់ផ្តើមបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក ស៊ូហ្គា (Suga) បានបន្តថាលោកមិនអាចនិយាយបានទេថាតើត្រូវការរយៈពេលប៉ុន្មាននៅក្នុងការអនុម័តឲ្យប្រើប្រាស់ថ្នាំនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទពលរដ្ឋអាមេរិកជាង៣រយនាក់ដែលស្ថិតនៅលើនាវាកម្សាន្ត Diamond Princess ក្នុងប្រទេសជប៉ុនត្រូវបានជម្លៀសទៅប្រទេសកំណើតពួកគេវិញ។ នាវានោះត្រូវបានដាក់ឲ្យនៅដាច់ពីគេចាប់តាំងពីដើមខែកុម្ភៈមកបន្ទាប់ពីអ្នកដំណើរម្នាក់ដែលបានចុះពីលើនាវានោះនៅទីក្រុងហុងកុងត្រូវបានធ្វើតេស្តរកឃើញផ្ទុកមេរោគកូរ៉ូណាវីរុស។

រដ្ឋាភិបាលប្រទេសផ្សេងទៀតរួមមានកាណាដា, អូស្ត្រាលី, អ៊ីតាលីនិងកូរ៉េខាងត្បូងក៏កំពុងគ្រោងនឹងជម្លៀសពលរដ្ឋរបស់គេចេញពីនាវាកម្សាន្តខ្នាតធំនោះផងដែរ៕

ព័ត៌មានទាក់ទង...