ព័ត៌មានជាតិ

ម្ចាស់នាវា Westerdam ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ, ប្រជាជននិងអាជ្ញាធរកម្ពុជា​ ចំពោះសណ្តានចិត្តដ៏ល្អ ដែលអនុញ្ញាតឲ្យនាវា ចូលចតនៅខេត្តព្រះសីហនុ​   

image

  ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យ លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវា Westerdam ចូលជួបសំដែងការគួរសម និងថ្លែងអំណរគុណ នៅវិមានសន្តិភាព​។

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា លោក Orlando បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ និងជូនប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ចំពោះសណ្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺ ជូនដល់អ្នកដំណើរ ជាពិសេសទៀតនោះ អនុញ្ញាតឲ្យកប៉ាល់ចុះចត នៅខេត្តព្រះសីហនុ។ លោកបានជម្រាបជូន សម្ដេចផងដែរថា ថ្ងៃនេះឬថ្ងៃស្អែក នឹងមានយន្តហោះមកដឹកអ្នកដំណើរទាំងនោះ ត្រឡប់ទៅប្រទេសរបស់គាត់វិញហើយ។

    ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក Orlando។ សម្ដេច បានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលដំណឹងថា កប៉ាល់មានបំណងចូលចតនៅកម្ពុជា សម្ដេចបានសម្រេចចិត្ត អនុញ្ញាតឲ្យចូលចតភ្លាម ដោយយល់ឃើញថា បញ្ហាមនុស្សធម៌ គឺជាបញ្ហាសំខាន់ ប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតទេ នោះកប៉ាល់នេះ មិនដឹងជាចូលចតនៅទីណានោះទេ ហើយអ្នកធ្វើដំណើរនៅលើកប៉ាល នឹងមានការព្រួយបារម្ភ ហើយបើមានអ្វីកើតឡើង ជាពិសេសបើមានជំងឺរាតត្បាតនោះ នឹងប៉ះពាល់ដល់អ្នកដទៃទៀត។

​  សម្ដេចមានការសប្បាយចិត្ត ​ដោយឃើញអ្នកដំណើរទាំងអស់ បានមកចូលចត ហើយមិនមានជំងឺកើតឡើង ហើយមានសុវត្ថិភាព និងមានសេចក្តីរីករាយ ដែលបានធ្វើទស្សនៈកិច្ចនៅកម្ពុជាផង និងត្រូវបានរៀបចំជូនដំណើរទៅវិញផង។ សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ ចំពោះអ្នកធ្វើដំណើរតាមកប៉ាល់ មិនត្រឹមតែរៀបចំជប់លៀង និងយកចិត្តទុកដាក់ លើសុខភាពប៉ុណ្ណោះទេ ថែមទាំងរៀបចំយន្តហោះ ឲ្យអ្នកដំណើរទាំងនោះ បានវិលត្រឡប់ទៅកាន់ ប្រទេសគាត់វិញផងដែរ។

  សម្ដេច មានប្រសាសន៍បន្ថែមទៀតថា អ្វីដែលគួរឲ្យកត់សម្គាល់ មាន៣ចំណុច ទី១.សម្ដេចបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដែលបានគិតដល់កម្ពុជា ពាក់ព័ន្ធនឹងការងារមនុស្សធម៌ នៅពេលដែលការងារមនុស្សធម៌ ត្រូវការចាំបាច់បំផុត ក្រុមហ៊ុនបានមកដល់កម្ពុជា ដើម្បីអនុញ្ញាតឲ្យកម្ពុជា ទទួលធ្វើការងារមនុស្សធម៌ បម្រើដល់មនុស្សជាតិ, ទី២.សម្ដេចបានធ្វើការកត់សម្គាល់ថា អ្វីដែលក្រុមហ៊ុនបានធ្វើនោះ ពិតជាការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកដំណើរនៅក្នុងនាវានោះ  ហើយកត្តាទី៣.ដែលជាកត្តាសំខាន់នោះ ទាំងអ្នកធ្វើដំណើរ ទាំងអ្នកគ្រប់គ្រង និងអ្នកបើកបរកប៉ាល់ រួមទាំងអាជ្ញាធរដែនដី គឺបានសហការគ្នាល្អ ធ្វើយ៉ាងណាបានជួយដល់អ្នកធ្វើដំណើរ​ ហើយនៅក្នុងរយៈពេលមួយថ្ងៃពីរថ្ងៃទៀត ពួកគាត់នឹងបានវិលត្រឡប់ ទៅកាន់ប្រទេសគាត់វិញ៕អត្ថបទ ៖ សន ពិសិដ្ឋ 

ព័ត៌មានទាក់ទង...