ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីរ៉ង់សម្រុកទៅទិញម៉ាស់និងភ័យខ្លាចចំពោះការឆ្លងបន្ទាប់ពីមានការរកឃើញករណីឆ្លងមេរោគកូរ៉ូណាវីរុសថែមទៀត

image

កាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋនៅក្នុងរដ្ឋធានីតេអេរ៉ង់បានបង្ហាញពីការព្រួយបារម្ភបន្ទាប់ពីមន្ត្រីសុខាភិបាលអ៊ីរ៉ង់បានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុស៣នាក់ថែមទៀតដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះឡើងដល់៥នាក់។

ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា ក្រុមមន្ត្រីអ៊ីរ៉ង់បានអំពាវនាវឲ្យផ្អាកការជួបជុំនានាបែបសាសនានៅទីក្រុងខូម (Qom) បន្ទាប់ពីការឆ្លងមេរោគកូរ៉ូណាវីរុស២ករណីត្រូវបានគេរកឃើញនៅក្នុងទីក្រុងនោះ ហើយកាលពីពេលថ្មីៗនេះក៏មានមនុស្ស២នាក់បានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុសនៅទីនោះផងដែរ។

តាមដងផ្សារនៅក្នុងទីក្រុងតេអេរ៉ង់ដែលស្ថិតនៅចម្ងាយប្រហែល១២០គីឡូម៉ែត្រពីទីក្រុងខូម (Qom) ត្រូវបានគេឃើញមានមនុស្សច្រើនប៉ុន្តែពលរដ្ឋមួយចំនួនបានពាក់ម៉ាស់ ខណៈដែលអ្នកផ្សេងទៀតបានសម្រុកទៅឱសថស្ថានទិញម៉ាស់និងសម្ភារៈផ្សេងៗដើម្បីស្តុកទុក។

ពលរដ្ឋមួយចំនួនបាននិយាយថាពួកគេមានការភ័យខ្លាចចំពោះការឆ្លងមេរោគកូរ៉ូណាវីរុសនិងមិនចង់ឲ្យកូនៗរបស់ពួកគេចេញពីផ្ទះឡើយ។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្ស២,២៣៦នាក់ហើយបានបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុសដែលបានផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ខណៈដែលចំនួនអ្នកឆ្លងកើនលើស៧៥,៤០០នាក់៕