ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិលើកឡើងថាការសិក្សា ស្រាវជ្រាវ ស៊ើបអង្កេតទៅលើបទល្មើស ដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីនេះ មិនមែនជាការតស៊ូប្រយុទ្ធប្រឆាំងបែបសាមញ្ញពេកនោះទេ

image

អគ្គស្នងការរងនគរបាលជាតិលើកឡើងថា៖បច្ចេកវិទ្យា និងសង្គមនៅគ្រប់ទីកន្លែងលើពិភពលោក ហើយអ៊ិនធឹណិតទៀតសោតក៏ជាផ្នែកដ៏សំខាន់ចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលអាចចាត់ទុកជាបេះដូងអារ្យធម៌សម័យថ្មី។ ការសិក្សា ស្រាវជ្រាវ ស៊ើបអង្កេតទៅលើបទល្មើស ដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីនេះ មិនមែនជាការតស៊ូប្រយុទ្ធប្រឆាំងបែបសាមញ្ញពេកនោះទេ។

ការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការស៊ើបអង្កេតបទល្មើស បច្ចេកវិទ្យា ដែលបាលរៀបចំឡើង ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី២៤ កុម្ភៈនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបន្តអោយដឹងទៀតថា បច្ចេកវិទ្យាកាន់តែរីកចំរើន ការប្រយុទ្ធប្រឆាំងទៅនឹងបទលើ្មសបច្ចេកវិទ្យាកាន់តែ មានភាពស្មុគស្មាញ ស៊ីជម្រៅ ដែលទាមទារអោយមន្ត្រីអនុវត្តច្បាប់របស់យើងខិតខំបង្កើន សមត្ថភាព យល់ដឹងកាន់តែប្រសើរឡើងជាលំដាប់។

គួរបញ្ជាក់ថានេះជាលើកដំបូងនៃការសហការបើកវគ្គបណ្តុះបណ្តាលរវាង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិនិង នគរបាលសឹង្ហបុរី មានគ្រូជំនាញដែលមានបទពិសោធន៍មកពីប្រទេសសឹង្ហបុរី ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កុម្ភៈឆ្នាំ២០២០នេះ និងមានសិក្ខាកាមចូលរូមប្រមាណ៨០នាក់។

វគ្គបណ្តុះបណ្តាលខាងលើនេះផ្តោតសំខាន់ចំនួន៦ចំនុច ពាក់ព័ន្ធទី១ បទពិសោធន៍ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានៅប្រទេសសឹង្ហបុរី ទី២ ដំណើរការគ្រប់គ្រង និងចរន្ត ប្រើប្រាស់រូបិយប័ណ្ណ តាមប្រព័ន្ធអេឡិចត្រូនិច (Crypto currency) ទី៣បច្ចេកទេសនៃការឆបោក តាមបណ្តាញសង្គម ទី៤ ការស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធអ៊ិនធឹណិត ទី៥ ការស្រាវជ្រាវនិងស៊ើបអង្កេតរកភស្តុតាងក្នុងឧបករណ៍អេឡិចត្រូនិច និងទី៦ ការអនុវត្តជាក់ស្តែង៕អត្ថបទ​៖ម៉ៅ នរិទ្ធិយ៉ា​