ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌថយចុះជាង២០០ករណី នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ មានចំនួនជាង ៨០០ករណី មានការថយចុះចំនួនជាង២០០ករណី ស្មើនឹង២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។ ការថយចុះនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អះអាងថា ដោយសារមានការយកចិត្តទុក ដាក់ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថយចុះបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១៩ ដោយសារអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មានការយកចិត្ត ទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយរក្សាបាននូវសុខសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈល្អប្រសើរ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអោយដឹងទៀតថា បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងចំនួន ៨៣៨ករណី ខណៈដែលក្នុងឆ្នាំ២០១៨ មានចំនួន ១០៤៦ករណី ពោលគឺថយចុះចំនួន ២០៨ករណី ស្មើនឹង២០ភាគរយ ។ ក្នុងចំណោមបទល្មើសទាំងជាង៨០០ ករណីខាងលើ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បង្ក្រាបបានសរុបចំនួន ៧៤៩ករណីស្មើនឹង៨៩,៣៧ភាគរយ ដែលចំនួននេះបង្ហាញ ឲ្យឃើញពីសញ្ញាវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ និងកិច្ចសហប្រតិបត្តិការ បង្ក្រាប បទល្មើសកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ នៅប្រព្រឹត្តទៅរយះពេល ២ ថ្ងៃ ពោល នៅថ្ងៃទី២៦ -២៧ ខែ កុម្ភៈ។ ប្រសិនបើគ្មានការប្រែប្រួល ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ កុម្ភៈស្អែកនេះ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation