ព័ត៌មានអន្តរជាតិ

មន្ត្រីក្រសួងយុត្តិធម៌ចិននិយាយថាអ្នកទោសរាប់រយនាក់បានឆ្លងមេរោគCOVID-19

image

នៅថ្ងៃពុធនេះ អាជ្ញាធរចិនបានបញ្ជាក់ថាករណីឆ្លងមេរោគកូរ៉ូណាវីរុសរាប់រយករណីត្រូវបានរកឃើញនៅពន្ធនាគារជាច្រើនកន្លែងក្នុងប្រទេសនេះ។

ក្រសួងយុត្តិធម៌ចិនបានប្រកាសថាអ្នកទោស៥៥៥នាក់បានឆ្លងមេរោគកូរ៉ូណាវីរុសនៅពន្ធនាគារ៥កន្លែងក្នុងខេត្តហ៊ូបី (Hubei), ហ្សេជាំង (Zhejiang) និងសានទុង (Shandong)។

ក្នុងចំណោមអ្នកទោសទាំងនោះមានអ្នកទោស៤នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែល១៩នាក់ផ្សេងទៀតត្រូវបានសង្ស័យថាបានឆ្លងមេរោគនោះ។

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មេរោគនោះទំនងជាឆ្លងទៅដល់ពន្ធនាគារសម្រាប់ដាក់អ្នកទោសស្រីតាមរយៈឆ្មាំពន្ធនាគារមួយក្រុមដែលបានធ្វើដំណើរតាមរថយន្តក្រុងរួមគ្នាជាមួយអ្នកដែលទៅមន្ទីរពេទ្យសួតមួយកន្លែងស្ថិតនៅចម្ងាយ១០០ម៉ែត្រពីពន្ធនាគារនោះ។

រីឯការឆ្លងរាលដាលទៅពន្ធនាគារផ្សេងៗទៀតគឺបណ្តាលមកពីឆ្មាំពន្ធនាគារដែលមិនបានរាយការណ៍ពីទំនាក់ទំនងរបស់ពួកគេជាមួយពលរដ្ឋមកពីតំបន់ដែលមានការឆ្លងរាលដាលនៃមេរោគនោះនៅក្នុងខេត្តហ៊ូបី។

មកទល់ពេលនេះ ប្រទេសចិននៅតែមានករណីឆ្លងនិងបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុសច្រើនជាងគេបំផុតបើទោះបីជាមានចំនួនធ្លាក់ចុះកាលពីពេលថ្មីៗនេះក៏ដោយ។ ចាប់តាំងពីមេរោគនោះបានផ្ទុះឡើងកាលពីខែធ្នូមក មនុស្ស២,៧១៥នាក់បានបាត់បង់ជីវិតនិង៧៨,០៦៤នាក់ទៀតបានឆ្លងនៅចិនដីគោក៕