ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន អញ្ជើញទៅជូនដំណើរ ក្រុមនាវឹករបស់នាវា Westerdam មុនពេលនាវាចាកចេញពីកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ

image

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្ស Westerdam ត្រូវបានធ្វើដំណើរចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅយប់ថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០ វេលាម៉ោងប្រមាណជាង ៧យប់ដើម្បីបន្តដំណើរទៅកាន់ប្រទេសទី ២ នៅក្នុងឱកាសនោះគឺមានវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ និងមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុក៌បានអញ្ជើញចូលរួម ជូនដំណើរនិង ពិសារអាហារសាមគ្គី ដែលរៀបចំឡើងដោយក្រុមនាវឹករបស់នាវា ទេសចរណ៍ Westerdam ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។

លោកមេបញ្ជាការនាវា បានថ្លែងការកោតសរសើរដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌ដ៌ល្អ និងគ្មានការរើសអើងដោយបានអនុញាតិឲ្យនាវា ទេសចរណ៍ Westerdam នាវឹក និងភ្ញៀវទេសចរណ៍ ជាង២ពាន់ ដែលនៅលើនាវា ទាំងអស់ ចូលមកកាន់កំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរបស់ភ្ញៀវទេសចរណ៍ ទទួលបានជោគជ័យលើសពីការរំពឹងទុក ។ យើងខ្ញុំទាំងអស់គ្នានឹងចងចាំ អំពើល្អរបស់ប្រទេសកម្ពុជា ជាពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុក្ខក្នុងបេះដូង នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយៗ អំពីទឹកចិត្តដ៏ល្អប្រពៃនេះ មិនអាចបំភ្លេចបានឡើយ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាវឹកទាំងអស់ និងបានជូនពរដល់ក្រុមនាវឹក និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់ទៅកាន់គោលដៅបន្ត នាពេលនេះ ហើយយើងខ្ញុំរីករាយស្វាគមន៏ដល់ក្រុមនាវឹក និងភ្ញៀវទេសចរណ៍ទាំងអស់ នៃនាវា Westerdam មកកំសាន្តនៅខេត្តព្រះសីហនុ ជាបន្តទៀត ដោយក្តីសោមនស្សរីករាយ ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យជាពិសេសនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺមានសំណង់អគារធំៗខ្ពស់ៗនិងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលកំពុងចេញជារូបរាង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិមកលេងកម្សាន្តព្រោះខេត្តព្រះសីហនុគឺជាខេត្តគោលដៅទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា។

ហើយក្នុងឱកាសជួបសំណេះសំណាលនិងជូនដំណើរនាវាWesterdamនាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តបានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកប្រកបដោយភាពស្និតស្នាល និង និងប្រកបដោយក្តីនឹករលឹកផងដែរ៕

ដោយ៖ ប៉ៃ សុឃីម


ព័ត៌មានទាក់ទង...