ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា ៨០ភាគរយ នៃចំនួនអ្នកខ្ចីប្រាក់ ពីមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានលើកឡើងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកសរុប១០៣គ្រឹះស្ថាន និងបាន​​ផ្តល់ប្រាក់កម្ចីដល់អតិថិជន ជាង២,២លានគ្រួសារ ដែលមានជាង៨០ភាគរយ គឺជាស្ត្រី។ អ្នកដែលខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ គឺភាគច្រើនយកប្រាក់ ទៅវិនិយោគ ក្នុងវិស័យសហគ្រានខ្នាតតូចនិងមធ្យម ដែលមានដូចជា វិស័យកសិកម្ម, ពាណិជ្ជកម្ម និងសេវាកម្ម។

លោកប្រធានក្រុមប្រឹក្សាភិបាល បានឲ្យដឹងដែរថា ផលបត្រឥណទានមានជាង២៧,៨៨៨ពាន់លានរៀល។ ជាងនេះទៅទៀត មានប្រជាពលរដ្ឋ ប្រមាណ២,៧លាននាក់ បានទទួលសេវាសន្សំ ដែលមានចំនួនទឹកប្រាក់ ប្រមាណ១៤,៦២៦ពាន់លានរៀល។

ការលើកឡើងនេះ លោក គា បូរាណ បានធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី«ការផ្សព្វផ្សាយបទប្បញ្ញត្តិទូទៅ ផ្នែកពន្ធដារ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៃកម្ពុជា នៅសណ្ឋាគារកាំបូឌូយ៉ាណា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ដែលជាអតិថិជន របស់មីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវយកប្រាក់ដែលខ្ចីបាននោះ ទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីជៀសវាង ការគ្មានប្រាក់សងត្រឡប់ ទៅមីក្រូហិរញ្ញវត្ថុវិញ។

សូមជម្រាបថា វិស័យមីក្រូហិរញ្ញវត្ថុ បានចាប់កំណើត នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់បិរយាប័ន្នហិរញ្ញវត្ថុ ប្រកបដោយទទួលខុសត្រូវ និងផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ព្រមទាំងទាន់ពេលវេលាដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការនៅឡើយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានចាត់ទុកថា បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា មានការវិវត្តល្អ ដែលបទពិសោធន៍នេះ អាចជាករណីសិក្សា សម្រាប់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់៕

អត្ថបទ​ ៖ សន ពិសិដ្ឋ​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation