ព័ត៌មានជាតិ

សមាគមTYDA បានចុះផ្តល់ស្នាមញញឹមថ្មីដល់ក្មួយៗនៅក្នុងសាលាបឋមសិក្សាភូមិធំ សង្កាត់ពញាពន់

image

ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារនៅក្នុងសាលាបឋមសិក្សាភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមរយៈបេសកកម្មថ្មីគឺTYDAចុះតាមសាលារៀនដែលជាកម្មវិធីអប់រំសុខភាពកុមារទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញកុមារ

លោកវេជ្ជបណ្ឌិតស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោទទួលបន្ទុកបេសកកម្មTYDAចុះតាមសាលារៀន បានបញ្ជាក់ថា គោលបំណងនៃបេសកកម្មនេះគឺជួយជំរុញសុខភាពមាត់ធ្មេញកុមារដោយប្រើប្រាស់វិធីសាមញ្ញៗដែលអាចការពារការឈឺចាប់ រោគពុកធ្មេញ និងការបង្ការរោគផ្សេងៗ តាមរយៈការអប់រំសុខភាពទូទៅដោយផ្ដោតលើអនាម័យសុវត្ថិភាពអាហារក្នុងសាលានិងជំងឺរលាកផ្លូវដង្ហើមCovid 19 និងជំងឺមាត់ធ្មេញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្ដល់ដំបូន្មានល្អដល់ក្មួយៗសិស្សានុសិស្សរស់នៅស្អាត ហូបស្អាត ផឹកស្អាតដើម្បីសុខភាពល្អហើយរៀនឲ្យបានពូកែ ដើម្បីក្លាយជាកូនល្អ សិស្សល្អមិត្តល្អនៅក្នុងសង្គម។

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគមTYDA ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។

សូមបញ្ជាក់ថា នេះគឺជាបេសកកម្មថ្មីមួយទៀតរបស់សមាគមTYDA ចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗសិស្សានុសិស្ស។ ជាក់ស្ដែងនៅថ្ងៃនេះ បានអប់រំសុខភាព និងព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗសិស្សានុសិស្សចំនួន៤៩៦នាក់៕