អភិបាលរាជធានីចុះពិនិត្យស្ថានភាពផ្សារស្ទឹងមានជ័យចាស់សិក្សាដេីម្បីធ្វេីការជួសជុល
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣កុម្ភៈនេះ បានដឹកនាំមន្ត្រីរាជធានី ចុះពិនិត្យស្ថានភាពសំណង់និងការលក់ដូរក្នុងផ្សារស្ទឹងមានជ័យចាស់ ជាសំណង់មួយដែលគេដឹងថា បានសាងសង់តំាងពីទសវត្សរ៍ ទី៦០នោះមក។ ការចុះត្រួតពិនិត្យសំណង់ផ្សារស្ទឹងមានជ័យចាស់ នៅថ្ងៃនេះ គឺបន្ទាប់ពីមានការសិក្សាបារម្ភពីកត្តាហានិភ័យនានា គ្រាដែលសំណង់ផ្សារដែលធ្វើពីឈើប្រ៉ក់សង្ក័សីនេះ មានសភាព ទ្រុធទ្រោមខ្លំាង ដែលអាចបង្កគ្រោះថ្នាក់ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់។ អភិបាលរាជធានី ឯកឧត្តម ឃួងស្រេង នៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពផ្សារផ្ទាល់នៅថ្ងៃនេះ គឺដើម្បីសិក្សានិងវាយតម្លៃ ការជួសជុលកែលម្អសាឡើងវិញ។ ក្នុងនោះ ឯកឧត្តម ក៏បានថ្លែងជម្រុញដល់ប្រធានផ្សារ អាជ្ញាធរឃុំ សង្កាត់ ត្រូវពង្រឹងការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ អោយបានយល់បានដឹង អំពីគម្រោងនានា ពាក់ព័ន្ធនឹងការជួសជុលកែលម្អផ្សារនេះ ឡើងវិញផងដែរ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនេះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់ អាជីវករលក់ដូរ និង ប្រជាពលរដ្ឋ នៅពេលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ។ ឯកឧត្តម បន្តថា ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ១៣ ម៉ែត្រគុណនឹង១៨ ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះបានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដោយ ប្រជាពលរដ្ឋនិងអាជីវករ៕អត្ថបទ​៖ម៉ៅ​ នរិទ្ធិយ៉ា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation