ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងរាយការណ៍ពីករណីឆ្លងមេរោគCOVID-19ចំនួន៥១៦នាក់ទៀតធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់៥,៣២៨នាក់

image

នៅថ្ងៃពុធនេះកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន៥១៦នាក់ទៀត ខណៈដែលអ្នកជំងឺរាប់ពាន់នាក់មិនមានគ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងដេគូ (Daegu) ដែលជាកន្លែងផ្ទុះឡើងយ៉ាងខ្លាំងនៃមេរោគនោះបន្ទាប់ពីប្រទេសចិនដីគោក។

ករណីឆ្លងថ្មីៗនោះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងកើនឡើងដល់៥,៣២៨នាក់និងយ៉ាងហោច៣២នាក់បានបាត់បង់ជីវិត ហើយភាគច្រើនកើតឡើងនៅក្នុងនិងជុំវិញទីក្រុងដេគូ (Daegu) ជាកន្លែងដែលមេរោគកូរ៉ូណាវីរុសបានឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈសមាជិកអ្នកកាន់សាសនាគ្រិស្តមួយក្រុម។

នៅតាមមន្ទីរពេទ្យក្នុងតំបន់ដែលរងការវាយប្រហារខ្លាំងបំផុតដោយសារមេរោគកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូងកំពុងស្វះស្វែងផ្តល់កន្លែងសំរាកព្យាបាលដល់អ្នកជំងឺដែលកំពុងកើនឡើង។ 

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងលោក គីម កាលលីប (Kim Gang-lip) បាននិយាយថា មនុស្ស២ពាន់៣រយនាក់នៅក្នុងទីក្រុងដេគូ (Daegu) កំពុងរង់ចាំចូលព្យាបាលនៅមន្ទីរពេទ្យនិងកន្លែងព្យាបាលបណ្តោះអាសន្ននានា។

លោក គីម បានបន្ថែមថា មន្ទីរពេទ្យយោធាមួយកន្លែងដែលមានគ្រែសម្រាកចំនួន១០០និងកំពុងព្យាបាលករណីឆ្លងធ្ងន់ធ្ងរនោះនឹងត្រូវបានបន្ថែមគ្រែចំនួន២០០ទៀតនៅថ្ងៃព្រហស្បតិ៍៕