អ្នកឧកញ៉ា លឹម ហេង តំណាង អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតស៊ីមបាវ៉េប្រចាំកម្ពុជា ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ខនស្តានស៍ ឆេមវ៉ាយី (Constrance Chemwayi) ឯកអគ្គរដ្ឋទូតស៊ីមបាវ៉េប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ក្នុងឱកាសដែលលោកជំទាវបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងសាធារណរដ្ឋស៊ីមបាវ៉េ និងព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លឹម ហេង ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ និងគណៈប្រតិភូ។ លោកជំទាវបានគូសបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោកជំទាវបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកជំទាវពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្រិតអន្តរជាតិ ដូចជាអាកាសយានដ្ឋានអន្តរជាតិថ្មីជាដើម។
លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីបំណងយ៉ាងមុតមាំក្នុងការជំរុញសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ទំនាក់ទំនង និងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកជំទាវបានកត់សម្គាល់ថា កម្ពុជា និងស៊ីមបាវ៉េ មានលក្ខណៈស្រដៀងគ្នាជាច្រើន ទាំងសកម្មភាពសេដ្ឋកិច្ច កម្រិតនៃការអភិវឌ្ឍ និងចំនួនប្រជាជន។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោកជំទាវ បានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍អន្តរជាតិនៅប្រទេសស៊ីមបាវ៉េ ដែលគ្រោងនឹងប្រារព្ធឡើងនៅខែមេសា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងបានអញ្ជើញគណៈប្រតិភូធុរកិច្ចស៊ីមបាវ៉េ មកចូលរួមព្រឹត្តិការណ៍ធុរកិច្ចនៅកម្ពុជា នាពេលអនាគតផងដែរ។
លោកជំទាវ បានសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យកសិកម្ម ទេសចរណ៍ និងធនធានរ៉ែ។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា លឹម ហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ា គាំទ្រពេញទំហឹងចំពោះគំនិត
ផ្តួចផ្តើមក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយសភាពាណិជ្ជកម្មស៊ីមបាវ៉េ ដើម្បីពិនិត្យលទ្ធភាពក្នុងការឈានទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងពិចារណាលើការដឹកនាំគណៈប្រតិភូធុរកិច្ចទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅស៊ីមបាវ៉េ តាមការអញ្ជើញរបស់លោកជំទាវ។
អ្នកឧកញ៉ា បានគូសបញ្ជាក់បន្ថែមថា សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគយ៉ាងសកម្ម ស្របតាមគោលនាយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាមានដៃគូសហការនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន ដែលមានសមាជិក ១១ ប្រទេស។ ដូច្នេះ ការភ្ជាប់ទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រៀបដូចជាការបើកច្រកទ្វារសេដ្ឋកិច្ចទៅកាន់ទីផ្សារអាស៊ានទាំងមូល។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានឯកភាពជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រ៉ែ និងទេសចរណ៍ ដែលជាវិស័យសក្តានុពលរបស់ប្រទេសទាំងពីរ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី