សម្រង់ប្រសាសន៍សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

(ពោធិ៍សាត់)៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះហើយ។

ពិធីដាក់ឲ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ពិធីដាក់ឲ្យដំណើរការផ្លូវដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងរាប់ពាន់នាក់ផ្សេងទៀត។

ខាងក្រោមនេះជាសម្រង់ប្រសាសន៍សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង៖

សម្តេចតេជោ ហ៊ុន សែន៖ តំបន់វាលវែងខេត្តពោធិ៍សាត់ និងតំបន់ឱរ៉ាល់កម្រមានរដ្ឋាភិបាលណាអាចគ្រប់គ្រងបានណាស់ កម្ររកបានសន្តិភាពណាស់
ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះ ពោលគឺតាំងពីឆ្នាំ១៩៩៦មកម៉្លេះបានក្លាយតំបន់មានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីមុនជាកម្ពុជាមានតំបន់បែងចែកទឹកដីគ្រប់គ្រងច្រើន តែពេលនេះកម្ពុជាគ្មានតំបន់បែងចែកទឹកដី គ្មានការត្រួតត្រាច្រើន ជាតំបន់ឯកភាពជាតិទឹកដី។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីគ្មានពេលធ្វើការអភិវឌ្ឍទេ គឺមានតែពេលវាយគ្នា មិនមែនមានសន្តិភាពដូចសព្វថ្ងៃទេ។

សម្តេចតេជោ ហ៊ុន សែន៖ យើងនឹងធ្វើស្តូបមួយអំពីនយោបាយឈ្នះឈ្នះ នៅតំបន់វាលវែង នេះ ដើម្បីឲ្យកូនចៅជំនាន់ក្រោយដឹងពីប្រវត្តិជូរចត់របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិននឹកស្មានថា កូនកសិករមួយនេះ ដែលមានបំណងធ្វើត្រឹមតែគ្រូបង្រៀន ហើយធ្លាប់បែកពីឪពុកម្តាយដើម្បីសិក្សាតាំងពីអាយុ១៣ឆ្នាំ បែរជាក្លាយជាអ្នកពន្លត់សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យផ្លូវជាតិ៥៥ ឬផ្លូវវាលវែងថាជា «ផ្លូវបុប្ផាលាក់ខ្លួន»។
សម្តេចបញ្ជាក់ថា ព្រោះផ្លូវនេះពីមុនមិនងាយអ្នកណាមកដល់ណាស់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ពិភាក្សាជាមួយភាគីថៃ ឲ្យបើកច្រកទ្វារអន្តរជាតិ ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ឲ្យក្លាយជាព្រំដែនអចិន្រ្តៃយ៍ដើម្បីឲ្យទំហំពាណិជ្ជកម្មកម្ពុជាកើនឡើង។

សម្តេចតេជោ ហ៊ុន សែន៖ ស្រុលវាលវែងជាស្រុកដែលមានមីនច្រើនជាងគេងនៅខេត្តពោធិ៍សាត់។
សម្តេចបានបញ្ជាក់ថា ​ធ្វើផ្លូវជាតិលេខ៥៥នេះយើងរកឃើញគ្រាប់មីនចំនួន ៦២២គ្រាប់ ក្នុងនោះមីនកម្ទេចរថក្រោះរកឃើញចំនួន៤៤១គ្រាប់។

​សម្តេចតេជោ ហ៊ុន សែន៖ ទិវាយល់ដឹងអំពីមីន យើងនឹងធ្វើនៅតំបន់វាលវែង ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

សម្តេចតេជោ ហ៊ុន សែន៖ ពីដើមយើងរកលុយដើម្បីធ្វើផ្លូវឲ្យបានវែង តែឥឡូវយើងរកលុយធ្វើផ្លូវឲ្យបានវែងហើយ រឹងមាំទៀត។
សម្តេចតេជោ ហ៊ុន សែន៖ អ្នកមួយចំនួន ហេតុអ្វីគិតថា «រកស៊ីជាមួយចិនមិនល្អ តើចិនជាបិសាចឬ?»។
សម្តេចតេជោបានបន្ដថាអ្នកនិយាយថា «ចិនមិនល្អ តែហេតុអ្វីបានជាចូលឆ្នាំចិននាំគ្នាបិទអក្សរចិននៅតាមផ្ទះ?!»។

សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវប្រើក្រមាជំនួសម៉ាស។
សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំប្រើក្រមា ធ្វើជាក្រវាត់កជំនាន់កូរ៉ូណា»។

សម្តេចតេជោ ហ៊ុន សែន៖ រហូតដល់ពេលនេះសាលាចំនួន១១០សាលា បានបិទជាបណ្តោះអាសន្ននៅក្រុងសៀមរាប។
សម្តេចតេជោ ហ៊ុន សែន៖ យើងយកចិត្តទុកដាក់កុមារច្រើនជាងគេព្រោះពួកគេមិនទាន់ចេះការពារខ្លួន។

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចនឹងទៅខេត្តសៀមរាប ដើម្បីបញ្ជាក់ថា កុំមានការភ័យខ្លាចរឿងកូរ៉ូណា។

សម្តេចតេជោ ហ៊ុន សែន៖ យប់មិញសម្តេចមើល​ ការប្រគំតន្ដ្រីហង្សមាស រស្មីហង្សមាស និង MyTV ឃើញអ្នកចូលរួមច្រើន គ្មានអ្នកណាខ្លាចរឿងកូរ៉ូណាទេ។

សម្តេចតេជោ ហ៊ុន សែន៖ មានអ្នកឲ្យយោបល់ខ្ញុំឲ្យបិទបុណ្យទន្លេនៅខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនបិទទេ ថែមទាំងខ្ញុំទៅហូបបាយ សម្រាកនៅទីនោះ ហើយសំណេះសំណាលជាមួយមន្រ្តីរាជការនៅទីនោះ។

សម្តេចតេជោ ហ៊ុន សែន៖ «អ្នកស្រវឹងស្រាដួល ក៏មានអ្នកបំផុសថា កូរូណា ដែរ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដំណឹងដ៏រីករាយដល់កម្មករ កម្មការិនី ថា មិត្តចិនបានយកនាវា៧គ្រឿងដឹកវត្ថុធាតុដើមមកឲ្យកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផលិតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ ដែលបើកសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ និងផ្លូវជាតិលេខ១០ ដែលបើកការដ្ឋានសាងសង់ គឺជាខ្សែផ្លូវនៃសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា។ សម្តេចបញ្ជាក់ថាផ្លូវទាំង២ខ្សែនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ សំដៅចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍ បានឆាប់រហ័ស និងចំណាយតិច។ ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅថ្មដា ខេត្តពោធិ៍សាត់ នៅចាំយាម ខេត្តកោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation