ព័ត៌មានជាតិ

អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយ លោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស។

លោកឧបនាយករដ្ឋមន្រ្តី បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយពេញលេញ ព្រមទាំងបានលើកឡើងពីស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ ដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាជិតកន្លះលាននាក់។

លោកស្រី Seema Malhotra បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសចំពោះគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការប្រយុទ្ធគ្នា។ លោកស្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត និងបំណងរបស់ចក្រភពអង់គ្លេសក្នុងការដើរតួនាទីក្នុងការធ្វើឱ្យមានស្ថិរភាព ដោយរួមសហការជាមួយអាស៊ាន និងដៃគូនានា ហើយព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃការបន្តចូលរួមក្នុងក្របខ័ណ្ឌកិច្ចការអាស៊ានផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ