ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី ស្នើសុំឲ្យសហភាពអឺរ៉ុប ជួយគាំទ្រ​ដើម្បីបង្កើតកម្មវិធីមួយ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប    

image

  ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលជួបជាមយយ លោកជំទាវ ខាមែន ម៉ូរីណូ (Carmen Morino) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។ គោលបំណងនៃជំនួបនេះ​ គឺដើម្បីជជែក អំពី ផែនការគោលដៅផ្សេងៗ រវាងសភាពអឺរ៉ុប និងក្រសួងកិច្ចការនារី ដែលបានផ្ដោតទៅលើ បញ្ហាសំខាន់មួយចំនួន ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំនេះ។ 

  លោកជំទាវ អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ គឺក្រសួងកិច្ចការនារី ​ចង់​បង្កើតនូវកម្មវិធី​មួយ (Side Event) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ ដែលមានឈ្មោះថា កម្មវិធី «​ស្ត្រី សន្តិភាព និងសន្តិសុខ»។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានស្នើសុំ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ​ឲ្យ​ជួយសម្របសម្រួល ធ្វើយ៉ាងណាឲ្យមានការគាំទ្រ ពីសហភាពអឺរ៉ុប ទៅលើបញ្ហាហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ក្រសួងកិច្ចការនារី ដើម្បីរៀបចំ Side Event មួយនេះឡើង។   

  ការស្នើសុំនេះ ដោយសារតែនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅពេលខាងមុខ គឺមិនមានការផ្ដោតទៅលើ កិច្ចការនារីនោះទេ ដូច្នេះហើយ ទើបលោកជំទាវរដ្ឋមន្ត្រី លើកនូវគម្រោងកម្មវិធីនេះឡើង។

  ជាការឆ្លើយតប លោកជំទាវទូតសហភាពអឺរ៉ុប បានទទួលយកសំណើរ ហើយថា​នឹងជួយសម្របសម្រួល ដើម្បីឲ្យមានការគាំទ្រផ្សេងៗ ពីបណ្តាប្រទេស​ជាសមាជិកសហភាពអឺរ៉ុប ដែលមានជាង៥០ប្រទេសនោះ ដើម្បីជួយគាំទ្រដល់ក្រសួងកិច្ចការនារី ដើម្បីសម្រេចនូវផែនការនេះ។

  គួររំលឹកថា កន្លងមកសភាពអឺរុប បានជួយកម្ពុជា ជាពិសេសក្រសួងកិច្ចការនារី ដោយបានគាំទ្រ ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ​ជាថវិកានិងបច្ចេកទេសមួយចំនួន។

  សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ​នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ នៅរាជធានីភ្នំពេញ៕អត្ថបទ ៖ សន ពិសិដ្ឋ