ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ​លើកឡើងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងក្នុងក្របខណ្ឌសហភាពអឺរ៉ុប និងក្របខណ្ឌកម្ពុជា-អាល្លឺម៉ង់
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ​៖ ឯកឧត្តម គ្រីស្ទៀន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងអាណត្តិរបស់ឯកឧត្តមនៅកម្ពុជា នឹងពង្រឹង​កិច្ចសហប្រតិបត្តិការ ឬបន្តការងារទៅមុខទៀត នៅក្នុងក្របខណ្ឌសហភាពអឺរ៉ុប​ជារួម និងក្របខណ្ឌកម្ពុជាជាមួយអាឡឺម៉ង់ ជាកម្រិតដោយឡែក ដើម្បីធ្វើយ៉ាងណា ​ឲ្យកិច្ចសហប្រតិបត្តិការ និងការងារ​ទំនាក់ទំនង់ កាន់តែរលូននិងទទួលបានផលវិជ្ជមាន និងភាពផ្លែផ្កា បើទោះបីជាកន្លងមក សហភាពអឺរ៉ុប បានពិចារណា ក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយ ពីប្រទេសកម្ពុជាក៏ដោយ។​

  ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសម ជាមួយលោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាទីស្តីការក្រសួង។

​  នៅក្នុងជំនួបនេះដែរ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះភាគីអាល្លឺម៉ង់ ដែលតែងតែគាំទ្រដល់កម្ពុជា លើការងារផ្សេងៗ ដែលធ្វើការងារជារួម ​ក៏ដូចជាអរគុណដែលភាគីអាល្លឺម៉ង់ បានជួយដល់ក្រសួងកិច្ចការនារី លើការងារចំនួនពីរ ទាក់ទងនឹងការផ្ដល់សេវា ​អំពើហិង្សាលើស្ត្រី ដោយគម្រោងនឹងបញ្ចប់ហើយ និងទីពីរគឺបានផ្ដល់អ្នកជំនាញការ ជួយដល់ក្រសួង លើការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី មកដល់ពេលបច្ចុប្បន្ននេះ គម្រោងនេះ នៅបន្តការងារនៅឡើយ។     

  លោកជំទាវរដ្ឋមន្ត្រីកិច្ចការនារី ក៏បានសម្ដែងការកោតសរសើរ ពីការងារដែលភាគីទាំងពីរ បានសហការជាមួយគ្នា។ ភ្ជាប់ជាមួយនោះ លោកជំទាវ ក៏បានលើកឡើងអំពីការពិចារណា ដើម្បីគិតអំពីការងារទៅមុខទៀត។ ជាក់ស្តែង គ្រោងរៀបចំព្រឹត្តិការណ៍អាស៊ាន ដែលពិចារណាបញ្ចូលប្រធានបទ ទាក់ទងនិងស្ត្រី នៅក្នុងវេទិកាអាស៊ាន ហើយ​នឹងពិចារណាបន្ត ថាតើត្រូវសហការគ្នាយ៉ាងម៉េចទៀត ដើម្បីរៀបចំកិច្ចការងារនេះ។     

  ឯកឧត្តមទូតអាល្លឺម៉ង់ ក្នុងជំនួបនេះ ​​បាន​ស្វាគមន៍នូវវឌ្ឍនភាព និងកិច្ចសហការរបស់កម្ពុជា ជាមួយនឹងភាគីអាល្លឺម៉ង់ ក៏ដូចជាជាមួយក្រសួងកិ្ចចការនារី​។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមទូត ក៏បានលើកឡើងពិភាក្សាគ្នា អំពីព្រឹត្តិការណ៍ថ្មីៗ ដែល​កំពុងកើតមានទាក់ទងទៅនឹង វីរ៉ុសកូវីដ១៩ផងដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation