ព័ត៌មានជាតិ

អាគារពាណិជ្ជកម្ម Royal One ដែលជាអាគារភ្លោះខ្ពស់ជាងគេនៅកម្ពុជានឹងលេចរូបរាងក្រោមទុនវិនិយោគ២៦០លាន ដុល្លារអាមេរិក

image

(ភ្នំពេញ)៖ ក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមបើកការិយាល័យ លក់ អាគារពាណិជ្ជកម្មដ៏ទំនើបកម្ពស់៦៨ជាន់នៅចំកណ្តាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបើកការិយាល័យលក់អាគារពាណិជ្ជកម្ម Royal One កាលពីចុងសប្តាហ៏កន្លងទៅនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អ្នកឧកញ៉ា គិតម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ដោយបង្ហាញនូវ សុទិដ្ឋិនិយមខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគ លើប្រភេទអាគារពាណិជ្ជកម្មដ៏ទំនើបនៅចំកណ្តាលរាជធានីភ្នំពេញរបស់ក្រុមហ៊ុន Royal Group និងដៃគូអាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One បានប្រសាសន៏បញ្ជាក់ថា គម្រោងអាគារពាណិជ្ជកម្ម Royal One គឺជាការវិនិយោគ រួមគ្នារវាងក្រុមហ៊ុន OTK Royal One និងក្រុមហ៊ុនសំណង់ចិន Huashi Group ដែលចំណាយទុន វិនិយោគ ដល់ទៅ២៦០លាន ដុល្លារអាមេរិក។

អ្នកឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One មានប្រសាសន៏បន្តថា អគារពាណិជ្ជកម្មដ៏ប្រណិតនេះ និងលេចចេញ ជារូបរាង ដោយមានផ្នែកផ្សេងៗដូចជា សណ្ឋាគារ ខុនដូ ស្នាក់នៅ និងផ្សារទំនើបជាដើម ហើយការសាងសង់ត្រូវប្រើរយៈពេលរហូតដល់៣ឆ្នាំ។ តាមការបញ្ជាក់របស់អ្នកឧកញ៉ា គិត ធាង អាគារពាណិជ្ជកម្មថ្មីនេះនឹងក្លាយជាអគារកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា ហើយក៏នឹងចូលរួមចំណែកដល់ ការលើកមុខមាត់ប្រទេសកម្ពុជា។

សូមជំរាបថា អាគារពាណិជ្ជកម្ម Royal One នេះ មានកំពស់២៤៥ ម៉ែត្រ ដែលជាប្រភេទអាគារភ្លោះ និងមានកំពស់ខ្ពស់ជាងគេក្នុ ងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដោយមានទីតាំងនៅដីឡូត៍លេខ ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស និងមានការរចនា យ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗជាច្រើន៕


អត្ថបទ ៖ គិន ច័ន្ទពុទ្ធិ