ព័ត៌មានអន្តរជាតិ

អូស្ត្រាលីប្រឈមនឹងការរឹតបន្តឹងថ្មីខណៈដែលករណីឆ្លងមេរោគCOVID-19កើនឡើង

image

រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអូស្ត្រាលីនឹងបិទហាងអាហារនៅតាមផ្សារទំនើប, កំណត់ចំនួនមនុស្សចូលរួមពិធីរៀបអាពាហ៍ពិពាហ៍និងពិធីបុណ្យសពនិងហាមឃាត់ការធ្វើដំណើរទៅបរទេសបន្ទាប់ពីករណីឆ្លងមេរោគកូរ៉ូណាវីរុសឬCOVID-19បានកើនឡើង។

ករណីឆ្លងថ្មីៗភាគច្រើនត្រូវបានរកឃើញនៅលើនាវាកម្សាន្តមួយគ្រឿងដែលអ្នកដំណើរនៅលើនោះត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុនទាំងដែលអ្នកដំណើរមួយចំនួនមានអាការៈមិនស្រួលខ្លួន។

គួរបញ្ជាក់ថា សាលារៀនជាច្រើននៅក្នុងប្រទេសអូស្ត្រាលីនៅបន្តដំណើរការធម្មតា ខណៈដែលបច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសជាង២ពាន់នាក់និង៨នាក់បានបាត់បង់ជីវិត។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា វិធានការរឹតបន្តឹងថ្មីនេះមានន័យថា នៅក្នុងពិធិរៀបអាពាហ៍ពិពាហ៍គឺកំណត់ឲ្យមានតែមនុស្ស៥នាក់ប៉ុណ្ណោះរួមទាំងកូនកម្លោះនិងកូនក្រមុំ រីឯពិធីបុណ្យសពត្រូវបានកំណត់ឲ្យមានភ្ញៀវចូលរួម១០នាក់។

ទន្ទឹមនឹងនោះ ហាងថែរក្សាសម្ផស្សនានាក៏នឹងត្រូវបិទផងដែរនៅពេលដែលវិធានការថ្មីនោះនឹងចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃពុធនេះ៕

ព័ត៌មានទាក់ទង...