ព័ត៌មានជាតិ

ខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម ពិភាក្សាគ្នា ដើម្បីសម្រួលទំនិញឆ្លងកាត់ព្រំដែន

image

អភិបាលខេត្តមណ្ឌលគិរី ខេត្តប៊ិញភឿក និងខេត្តដាក់ណុង បើកកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា-វៀតណាមដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងជួយសម្រួលដល់ការដឹកជញ្ចូនទំនិញឆ្លងកាត់នៅតាមច្រកទ្វារព្រំដែន កុំឱ្យមានការកក់ស្ទះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីលោកស្រី ត្រឹង ទ្វេហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក លោកស្រី តូន ធីង៉ុកហាន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងគណៈប្រតិភូពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅច្រកទ្វារភាគីព្រំដែនទាំងពីរ នៃខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី ឫកូវីត ១៩ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញនៅក្នុងតំបន់ និងពិភពលោក។ 

សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឫផ្ទុកជំងឺកូវីត១៩នោះទេ ដូច្នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដែលជាប់ព្រំដែន ដើម្បីរួមគ្នាសហការអនុវត្តនូវកិច្ចការងារមួយចំនួន ទី១. ផ្អាក់ជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញ-ចូល ។ ទី២. វិធានការនេះ មិនត្រូវបានអនុវត្តចំពោះប្រជាពលរដ្ឋវៀតណាម និងប្រជាពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ ទី៣. សម្រួលឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើមាតុភូមិនិវត្តន៍ចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋវៀតណាម ដែលកំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល១៤ថ្ងៃ ប្រសិនបើមាន។ ទី៤. ភាគីទាំងពីរសហការ និងជួយសម្របសម្រួលក្នុងការផ្ទេរមុខទំនិញ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន។ និងទី៥. ភាគីទាំងពីរ នឹងរួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបន្តកិច្ចសហប្រតិបត្តិការផ្សេងៗ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានចុះពិនិត្យមើលស្ថានភាព នៅតាមច្រកទ្វារភាគីព្រំដែនរវាងកម្ពុជា-វៀតណាម និងក៏បានជំរុញដល់សមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែន ត្រូវចូលរួមសហការគ្នា ក្នុងការបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត ១៩នេះ។ បន្ទាប់មកឯកឧត្តម ក៏បានចុះសួរសុខទុក្ខសិស្សចំនួន ៣នាក់ ជាជនជាតិខ្មែរ-ឥស្លាម ដែលពួកគាត់ទើបតែត្រលប់មកពីការសិក្សានៅប្រទេសថៃ ដោយឱ្យពួកគាត់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ៕