ព័ត៌មានអន្តរជាតិ

អូស្ត្រាលីបង្កើនវិធានការរក្សាចម្ងាយពីគ្នាខណៈដែលអត្រាឆ្លងរាលដាលនៃមេរោគCOVID-19ថយចុះ

image

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយកាលពីថ្ងៃអាទិត្យថា អត្រាឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសនៅអូស្ត្រាលីបានថយចុះពាក់កណ្តាលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលលោកបានប្រកាសឲ្យបង្កើនការអនុវត្តវិធានការរក្សាចម្ងាយពីគ្នាបន្ថែមទៀត។

លោក ម៉ូរីសុន (Morrison) បាននិយាយថា ករណីឆ្លងកូរ៉ូណាវីរុសជាប្រចាំថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានកើនឡើងប្រហែល១៣%ទៅ១៥% ពោលគឺធ្លាក់ចុះពី២៥%ទៅ៣០%បើធៀបនឹងសប្តាហ៍មុន ដែលនេះគឺជាការបង្ហាញឲ្យឃើញថាវិធានការរក្សាចម្ងាយពីគ្នាមានប្រសិទ្ធភាព។

លោកបានបន្ថែមថា ចំនួនអ្នកចូលរួមក្នុងការជួបជុំជាសាធារណៈក៏ត្រូវបានកាត់បន្ថយពី១០នាក់មកនៅត្រឹម២នាក់ផងដែរ ហើយបានថាពលរដ្ឋអូស្ត្រាលីអាចចេញទៅខាងក្រៅបានតែនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ។ រីឯអ្នកដែលមានវ័យលើសពី៧០ឆ្នាំគួរតែនៅឲ្យដាច់ពីគេដើម្បីការពារខ្លួនពីការឆ្លងកូរ៉ូណាវីរុស។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានឲ្យដឹងថា រដ្ឋាភិបាលបានត្រៀមថវិកា៦៨០លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីពង្រីកសេវាសុខាភិបាល។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនៅអូស្ត្រាលីមានចំនួន៣,៨០៩នាក់និង១៦នាក់បានបាត់បង់ជីវិត៕

ព័ត៌មានទាក់ទង...