ព័ត៌មានអន្តរជាតិ

ការភ័យខ្លាចពីការឆ្លងកូរ៉ូណាវីរុស បង្កឲ្យមានកុបកម្មនៅពន្ធនាគារថៃ ខណៈដែលចំនួនអ្នកឆ្លងឡើងដល់ ១,៣៨៨ករណី

image

មន្រ្តីជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌របស់ប្រទេសថៃ បានប្រាប់រ៉យទ័រថា អ្នកទោសបានដុតបំផ្លាញអាហារដ្ឋាន នៅក្នុងពន្ធនាគារមួយ នៅភាគឥសាន នៃប្រទេសនេះ និងអ្នកទោសជាច្រើននាក់ទៀត បានរត់គេចខ្លួន ក្នុងអំឡុងពេលកុបកម្ម កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីមានពាក្យចចាមអារាម អំពីការផ្ទុះឡើង នៃវីរុសកូវីដ១៩។

ផ្សេងខ្មួលខ្មាញ់ ត្រូវបានគេមើលឃើញថា បានហុយចេញទៅលើពន្ធនាគារ ក្នុងខេត្ត Buriram ដែលផ្ទុកអ្នកទោសទាំងប្រុសទាំងស្រី ប្រមាណ ២០០០ នាក់។

ក្រុមមន្រ្តី បាននិយាយថា ក្រុមអ្នកទោសមួយក្រុមតូច ដែលបានទទួលការកាត់ទោសប្រហារជីវិត កាលពីដើមសប្តាហ៍នេះ បានផ្សព្វផ្សាយព័ត៌មានចចាមអារាមថា កន្លែងដែលពួកគេកំពុងស្នាក់នៅ មិនមានសុវត្ថិភាព ដោយសារមានមេរោគកូវីដ ១៩។ ក្រៅពីនេះ អ្នកទោសមួយរយនាក់ បានចូលរួមជាមួយពួកគេ ក្នុងការធ្វើកុបកម្ម។

រដ្ឋាភិបាលថៃ បានបញ្ឈប់រាល់ដំណើរទស្សនកិច្ច នៅពន្ធនាគារចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ក្នុងគោលបំណងបញ្ឈប់ការឆ្លងមេរោគឆ្លងវីរុសនេះ។

ការរឹតត្បិតលើការធ្វើដំណើរ ត្រូវបានដាក់នៅក្នុងខេត្តជាច្រើន នៃប្រទេសថៃ នៅពេលដែលចំនួនករណីឆ្លងវីរុសនេះកើនឡើងដល់ ១.៣៨៨ ករណី ដោយមានករណីថ្មីចំនួន ១៤៣ ករណី កាលពីថ្ងៃអាទិត្យ។ ប្រទេសថៃ ក៏បានរាយការណ៍ពីការស្លាប់ថ្មី នៃមេរោគឆ្លងនេះ ដែលធ្វើឱ្យចំនួនសរុបនៅទីនោះ កើនឡើងដល់៧នាក់៕

ព័ត៌មានទាក់ទង...