រុស្ស៊ី នឹង​ផ្តល់ជំនួយដល់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និង​ព័ត៌មានក្លែងក្លាយ​   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី៣០ ខែមីនានេះ បានអនុញ្ញាតឲ្យ​ឯកឧត្តម ឌីមីទ្រី ធ្វីតកូស (Dmitri Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដែល​​ត្រូវបញ្ចប់បេសកកម្មកាទូត នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបជំរាបលា នៅវិមានសន្តិភាព។

  បើតាមប្រសាសន៍ ឯកឧត្តមអ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តម ឌីមីទ្រី បានសំដែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ជូនចំពោះថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដោយឯកឧត្តម បំពេញបេសកកម្មការទូត រយៈពេល៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីសម្ដេចក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឲ្យឯកឧត្តម បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងបេសកកម្មកាទូត។ ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល៦ឆ្នាំនេះ បានចុះហត្ថលេខាលើឯកសារចំនួន៦២ ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន១៤ផងដែរ។

  ជាមួយនេះ ឯកឧត្តមក៏បានរៀបចំ ឲ្យមានឱកាសដំណើរទស្សនកិច្ច របស់ឯកឧត្ដមនាយករដ្ឋមន្ត្រីរុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្ដេចតេជោ ទៅកាន់ប្រទេសរុស្ស៊ីផង ហើយដែលក្នុងនោះ ក៏មានការចុះហត្ថលេខាជាច្រើន។ ជាងនេះទៀត ឯកឧត្តមក៏បានគោរពជម្រាបជូន សម្ដេចតេជោថា នៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី​នឹងផ្ដល់ជំនួយដល់កម្ពុជា ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនិងជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយ​រុស្ស៊ីក៏កំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។

  ជាការឆ្លើយតបសម្ដេចតេជោ បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឌីមីទ្រី ​ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជា។ សម្ដេចមានប្រសាសន៍ថា ឯកឧត្តមឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយ ដែលបានស្ដារឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ដែលមានវ័យចំណាស់មកហើយ មកកាន់ដំណាក់កាលថ្មី។ ពីនោះទៅទៀត ឯកឧត្តម ក៏បានរៀបចំឲ្យមាន ដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

  សម្ដេចបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមក ហើយបន្តជួយដល់កម្ពុជាថែមទៀត លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាការរៀបចំផ្ដល់ម៉ាស់ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ 19 នេះ។

សម្ដេចបានមានប្រសាសន៍ផងដែរថា ជាការពិតកម្ពុជា-រុស្ស៊ី មានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ នៅតូចនៅឡើយ ដូច្នេះគប្បីណាភាគីទាំងពីរ ជំរុញពិនិត្យមើលសត្តានុពលទាំងឡាយណា ដែលអាចជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែធំធាត់ឡើងថែមទៀត៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation