ការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ១៩អាចរុញច្រានឲ្យមនុស្ស១១លាននាក់នៅអាស៊ីធ្លាក់ចូលក្នុងភាពក្រីក្រ
| ព័ត៌មានអន្តរជាតិ
SHARE

ធនាគារពិភពលោកបានព្រមាននៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយនៅសប្ដាហ៍នេះថាដំណេីរធ្លាក់ចុះនៃកំណេីនសេដ្ឋកិច្ចបណ្ដាលមកពីការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ១៩អាចជំរុញឱ្យពលរដ្ឋចំនួន១១លាននាក់បន្ថែមទៀតធ្លាក់ចូលទៅក្នុងភាពក្រីក្រនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលើកលែងតែមានការចាត់វិធានការជាបន្ទាន់។

នៅក្នុងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុមួយនេះដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន​,​ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកអាចទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនូវកំណេីនសេដ្ឋកិច្ចដែលគេមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកដោយធ្វើឱ្យប្រទេសភាគច្រេីននៅអាស៊ីធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដែលនឹងអូសបន្លាយពេលយូរ។ 

ធនាគារពិភពលោកបានព្យាករថាកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនឹងបន្ថយល្បឿនមកនៅត្រឹម២,១%​ក្នុងឆ្នាំ២០២០ធៀបទៅនឹង៥,៨%ដែលបានស្មានទុកក្នុងឆ្នាំ២០១៩​ ហេីយនឹងអាចធ្លាក់ចុះរហូតដល់-០,៥%ប្រសិនបេីការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩នៅតែបន្ត។ 

ចំណែកកំណើនសេដ្ឋកិច្ចនៅប្រទេសចិនដែលជាប្រភពចាប់ផ្ដេីមនៃវីរុសកូវីដ១៩ត្រូវបានប៉ាន់ទុកថា នឹងស្រុតចុះមកនៅ២,៣%នៅក្នុងឆ្នាំ២០២០​ ហេីយបេីធ្ងន់ធ្ងរនឹងធ្លាក់ចុះមកនៅត្រឹម០,១%ធៀបទៅនឹងកំណេីន៦,១%ក្នុងឆ្នាំ២០១៩។ 

ការធ្លាក់ចុះបែបនេះនឹងមានផលវិបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ពេលចុងក្រោយដែលប្រទេសចិនជួបប្រទះនូវការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចគឺនៅឆ្នាំ១៩៧៦។ នៅពេលនោះ មរណភាពរបស់មេដឹកនាំបក្សកុម្មុយនិស្ត​ លោក​ ម៉ៅ សេទុង បានបញ្ចប់នូវភាពវឹកវរនៃសង្គមនិងសេដ្ឋកិច្ចដែលកេីតមានអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងប្រទេសចិន។ ប៉ុន្តែមិនដូចជំនាន់នោះ​ទេ​ ចិនឥឡូវនេះគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនិងជាក្បាលម៉ាស៊ីនចម្បងនៃកំណើនសេដ្ឋកិច្ចពិភពលោក​ នេះមានន័យថាការរំខានណាមួយទៅដល់សេដ្ឋកិច្ចរបស់ចិននឹងមានផលប៉ះពាល់ទូទាំងពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation