ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែលគាំទ្របទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ ប៉ុន្តែមិនបញ្ឈប់ការប្រយុទ្ធគ្នានៅលីបង់ឡើយ

image



អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសគាំទ្រជាផ្លូវការនូវកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ការិយាល័យរបស់លោក បញ្ជាក់ថា ការសម្រេចចិត្តនេះស្របទៅនឹងគោលការណ៍របស់លោក ដូណាល់ ត្រាំ ដែលតម្រូវឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ជាបន្ទាន់ និងបញ្ឈប់រាល់សកម្មភាពឈ្លានពានប្រឆាំងនឹងអាម៉េរិក ក៏ដូចជាសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអ៊ែល បានបញ្ជាក់យ៉ាងច្បាស់ថា បទឈប់បាញ់នេះមិនគ្របដណ្ដប់លើប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់នោះឡើយ។ នេះមានន័យថា ខណៈសង្គ្រាមផ្ទាល់ជាមួយអ៊ីរ៉ង់អាចនឹងផ្អាកជាបណ្ដោះអាសន្ន ប៉ុន្តែការវាយប្រហារលើសមរភូមិជួរមុខជាមួយលីបង់ ដែលជាកូនជឹងរបស់អ៊ីរ៉ង់ នៅតែបន្តកើតមាន ដោយវាអាចនឹងធ្វើឱ្យស្ថានភាពសន្តិសុខនៅក្នុងតំបន់នៅតែមានភាពផុយស្រួយ ។

បន្ថែមលើនេះ អ៊ីស្រាអ៊ែលនៅតែបន្តជំរុញឱ្យសហរដ្ឋអាម៉េរិកធានាឱ្យបាននូវការលុបបំបាត់ការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ឱ្យបានជាស្ថាពរ។ ការគាំទ្ររបស់អ៊ីស្រាអ៊ែលចំពោះកិច្ចព្រមព្រៀងនេះ គឺផ្អែកទៅលើក្តីសង្ឃឹមថា អាម៉េរិកនឹងអាចប្រើប្រាស់ឱកាសចរចានៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) ដើម្បីដាក់សម្ពាធឱ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីអាវុធយុទ្ធសាស្ត្រទាំងស្រុង ដើម្បីធានាសុវត្ថិភាពរយៈពេលវែងដល់រដ្ឋជ្វីហ្វ និងតំបន់ទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP/ Greater Kashmir on MSN | រូបភាព៖ VIORY/ RT/ (Abbas Fakih / AFP)