ព័ត៌មានអន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីព្រមានថាកូរ៉ូណាវីរុសអាចនឹងធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីថយចុះពាក់កណ្តាល

image

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសនៅថ្ងៃសុក្រនេះថាកំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីត្រូវបានគេរំពឹងថានឹងថយចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះដោយសារផលប៉ះពាល់នៃមេរោគកូរ៉ូណាវីរុសនៅមុនពេលដែលវាស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានរាយការណ៍ថាការព្យាករណ៍មូលដ្ឋានរបស់ខ្លួនបានរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងធ្លាក់ចុះពី៥.២%មក២.២%នៅក្នុងឆ្នាំ២០២០នេះ។

ប្រធានសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីលោក យ៉ាស៊ូយូគី សាវ៉ាដា (Yasuyuki Sawada) បានព្រមានថា ការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសអាចនឹងក្លាយជាវិបត្តិហិរញ្ញវត្ថុដោយកត់សម្គាល់ថាឧស្សាហកម្មទាក់ទងនឹងវិស័យទេសចរណ៍នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយបានថាវាមានសារៈសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានចំពោះពលរដ្ឋក្រីក្រ។

បន្ទាប់ពីវិបត្តិសុខភាពនេះបានធ្វើឲ្យសេដ្ឋកិច្ចចិនជាប់គាំងក្នុងត្រីមាសទី១, ប្រទេសនិងដែនដីជាច្រើនបានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងនិងបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុសដែលបណ្តាលឲ្យមានការហាមឃាត់ការធ្វើដំណើរនិងចេញបញ្ជាហាមពលរដ្ឋមិនឲ្យចេញក្រៅផ្ទះ។

វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនោះបានធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ចពិភពលោកដែលធ្វើឲ្យក្រុមសេដ្ឋវិទូជឿជាក់ថាពិភពលោកកំពុងឆ្ពោះទៅរកការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ៕