ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញរដ្ឋមន្រ្តីក្រសួងការបរទេសអាមរិច មកបំពេញទស្សនកិច្ច ក្នុងវេលាសមស្របណាមួយ

image

តាមសេចក្តីជូនព័ត៌មាន ពីក្រសួងការបរទេសកម្ពុជា ដែលបានផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី៨មេសានេះ ស្តីពីលទ្ឋផល ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបសន្ទនាតាមទូរសព្ទ័ជាមួយឯកឧត្តម Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមរិច ប៉ុន្តែនៅក្នុងឃ្លាចុងក្រោយនៃប្រកាសព័ត៌មាននេះ បញ្ជាក់ថា ឯកឧត្តម Mike Pompeo បានអរគុណសម្តេចតេជោ ចំពោះការអញ្ជើញរូបលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។

នៅក្នុងកិច្ចសន្ទនានេះ សម្តេចតេជោ និងឯកឧត្តម Pompeo បានលើកពីការពេញចិត្ត ចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនៃការប្រឆាំង នឹងការរីករាលដាលពេញពិភពលោក នៃ COVID-19 ដោយលោក Pompeo អរគុណកម្ពុជា ចំពោះការជួយសង្គ្រោះអ្នក ធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិក ចំពោះជំនួយ និងកិច្ចសហការពីសំណាក់ អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត អាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សំរាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ ។

ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រ ដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាព របស់ប្រជាជនកម្ពុជានោះ លោក Pompeo បានស្វាគមន៍សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីអធិតេយ្យជាតិ គាំទ្រគ្រប់ទំរង់នៃកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពី សារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។

ទាក់ទងនឹងក្របខ័ណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់ របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារៈសំខាន់របស់អាមេរិក ក្នុងការកាត់បន្ថយ គម្លាត រវាងប្រទេសនានា ក្នុងតំបន់មេគង្គក្រោម និងសមាជិក ASEAN ផ្សេងទៀត។

សម្តេចតេជោ ក៏បានអរគុណចំពោះវិភាគទាន ដែលក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះក៏ជា ការជំរុញទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន។

សម្តេច និងលោក Pompeo បានចែករំលែកសមានចិត្ត ក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារនៃជនរងគ្រោះ ទាំងឡាយនៅអាមេរិក និងនៅតំបន់អាស៊ី ដោយសារ COVID-19។ សម្តេចក៏បានផ្តាំផ្ញើការ គាំទ្ររបស់សម្តេច ជូនចំពោះលោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19។ 

ជាការកត់សំគាល់កិច្ចសន្ទនានេះ ធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកចំហ ទទួលស្វាគមន៍ ធ្វើសមយុទ្ធ ជាមួយអាមេរិក កាលពីថ្ងៃទី៧មេសា ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ កម្ពុជានិងសហរដ្ឋអាមេរិក នឹងប្រារព្ឋខួបលើកទី៧០ឆ្នាំ នៃចំណង់ការទូត រវាងកម្ពុជា និងអាមេរិក។ ពិធីបុណ្យខួបដ៏ធំមួយនេះ នឹងធ្វើឡើងនៅកំឡុង ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ៕

ព័ត៌មានទាក់ទង...