
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច អញ្ជើញសួរសុខទុក្ខ ពលករទើបត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ

ព្រៃវែង ៖ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែមេសានេះ បានដឹកនាំក្រុមការងារ អញ្ជើញសួរសុខទុក្ខ ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ សាលាបឋមសិក្សាប្រមូលព្រហ្ម ស្ថិតក្នុងឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីបង្ការការឆ្លងវីរ៉ុសកូវីដ១៩។
ព្រមជាមួយការសួរសុខទុក្ខ, ឯកឧត្តម និងក្រុមការងារ ក៏បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់បងប្អូនពលករ ដែលកំពុងរស់នៅ ដាច់ដោយឡែកពីគេផងដែរ។
បើតាមលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច បានឲ្យដឹងថា នៅស្រុកព្រះស្តេច មានពលករខ្មែរចំនួន២១នាក់ ដែលបានត្រឡប់មកពីប្រទេសថៃ ហើយបាននឹងកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ ដោយមានការតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យ។ លោកអភិបាលស្រុក បានបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ដែលពលករបាននៅដាច់ដោយឡែកពីគេ ហើយពួកគាត់ មានសុខភាពធម្មតា។
គួរជម្រាបថា មុនអញ្ជើញចុះសួរសុខទុក្ខក្រុមពលករ, ឯកឧត្តម ហ៊ឺ បាវី, ឯកឧត្តម អភិបាលរងខេត្តព្រៃវែង រួមជាមួយនឹងក្រុមការងារចុះជួយស្រុកព្រះស្ដេច បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការបន្ថែម ស្ដីពីកិច្ចការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងស្រុកព្រះស្ដេច ជាមួយនឹងក្រុមប្រឹក្សាស្រុក អភិបាលស្រុក ការិយាល័យអង្គភាពជុំវិញស្រុក និងក្រុមប្រឹក្សាឃុំផងដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ
