ព័ត៌មានជាតិ

ក្នុងចំណោមរោងចក្រជាច្រើនដែលនៅបន្តធើ្វការ រោងចក្រ ខេមបូ ហ៊ែនសាំ (Cambo Handsome) កម្មករនៅបន្តធ្វើការធម្មតា មិនទៅស្រុកកំណើតនោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

image

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មកររោងចក្រមួយចំនួនធំ នៅតែបន្តធ្វើការងាជាធម្មតា តបតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ 

នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ អ្នកសារព័ត៌មានត្រូវបានអញ្ជើញអោយចុះមើលតាមរោងចក្រ ដែលមានកម្មករជាច្រើន កំពុងបំពេញការងារដូចធម្មតា។ ក្រុមការងារនៃទូរទស្សន៍ CNC បានចុះទៅដល់ផ្ទាល់ ក្នុងរោងចក្រ ខេមបូ ហ៊ែនសាំ (Cambo Handsome) ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ១ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងមានកម្មករ កម្មការនី ប្រមាណ ១ពាន់ ៨០០នាក់ បានសម្រេចគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក  នៅបន្តធ្វើការងាររបស់ពួកគេជាធម្មតា មិនឈប់សម្រាកទៅស្រុកកំណើតនោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងគោលដៅបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឹឆ្លងកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចលើកពេលឈប់សម្រាក់ការងារទាំងមន្រ្តីរាជការ  បុគលិក និងកម្មករនិយោជិតទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃទី ១៣ ១៤ ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ការសម្រេចនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានដាក់ចេញនូវវិធានការមួយចំនួន សំណូមពរឲ្យកម្មករបន្តធ្វើការដូចថ្ងៃធម្មតា ហើយសន្យាថា និងសងវិញនៅពេលវេលាសមស្របណាមួយ នៅពេលចប់ជំងឺកូវីដ១៩។ វិធានការនេះ ប្រសិនបើកម្មករឈប់សម្រាក់នាពេលនេះ ហើយនៅពេលមកបំពេញការងារវិញ ត្រូវដាក់ដោយឡែករយៈពេល ១៤ ថ្ងៃ ដោយមិនទទួលបានប្រាក់ឈ្នួលឡើយ។ 

កម្មការនី សាយ សុផល នៃរោងចក្រខេមបូ ហ៊ែនសាំ (Cambo Handsome) បានឲ្យដឹងថា ប្អូនស្រីសម្រេចជ្រើសរើសនៅបន្តបម្រើការងារវិញ ដោយមិនជ្រើសរើសទៅលេងស្រុកកំណើតនៅឆ្នាំនេះទេ ព្រោះដើម្បីចូលរួមទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ និងគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ តទៅនេះសូមអញ្ជើញប្រិយមិត្តទស្សនិកជន តាមដានទស្សនាការលើកឡើងរបស់បងប្អូនកម្មករ កម្មការនីនៃរោងចក្រ ខេមបូ ហ៊ែនសាំ (Cambo Handsome) ទាក់ទងទៅនិងការជ្រើសរើសជឿរលើរាជរដ្ឋាភិបាលបន្តធ្វើការងារជាធម្មតា ក្នុងកាលៈទេសនៃជំងឺឆ្លងកូវីដ១៩នេះ ដូចតទៅ៖

សូមជម្រាបថា គិតមកដល់ពេលនេះ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ១០ម៉ឺននាក់ និងឆ្លងជាង ១លាន៧សែននាក់ នៅជុំវិញពិភពលោក។ ហើយការសម្រេចចិត្តរបស់កម្មករ និងកម្មការនី នៅបន្តបម្រើការងារជាធម្មតានាពេលនេះ តបតាមការការណែនាំរបស់រាជរដ្ឋាភិបាល ពិតជាបានចូលរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងធំធេង។អត្ថបទ÷ អៀវ ឈៀងនី 

ព័ត៌មានទាក់ទង...