ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ អញ្ជើញប្រកាសដាក់អោយប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ  

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់អោយប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ ០១រូប ពិធីប្រារព្ធធ្វើឡើងនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងពិធីនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែង គឺសំខាន់ផ្តោតទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ធានាអោយបានសុវត្ថិភាព សន្តិភាព សន្តិសុខផ្ទៃក្នុង ជាពិសេស ទប់ស្កាត់អោយបានការវិលត្រឡប់បដិវត្តន៍ពណ៌ និងទប់ស្កាត់ការប្រឆាំងនានាដែលយកទឹកដីកម្ពុជាធ្វើជាជំរក រឺធ្វើជាទីតាំងដើម្បីប្រឆាំងប្រទេសជិតខាង ព្រមទាំងការកាត់បន្ថយបទល្មើសព្រហ្មទណ្ឌរួមទាំងការកាត់បន្ថយឥទ្ធិពលរីករាលដាលរបស់គ្រឿងញៀន និងការងារផ្សេងៗទៀតដូចជាការទប់ស្កាត់បញ្ហាក្មេងទំនើង រំដោះជនរងគ្រោះពាក់ព័ន្ធនិងការជួញដូរផ្លូវភេទ ជាពិសេសស្រ្តីនិងកុមារ ។ ជាមួយគ្នានោះ ការពង្រឹងច្បាប់ចរាចរណ៍គឺត្រូវផ្តោតទៅលើការអប់រំ បណ្តុះបណ្តាលមន្ត្រី ការកែប្រែឥរិយាបថនៃការធ្វើការងាររបស់មន្ត្រី ក្រមសីលធម៌របស់មន្ត្រី និងជំរុញយ៉ាងតឹងរឹងបំផុតក្នុងការអនុវត្តន៍អនុក្រិតថ្មីស្តីពីការវិន័យអន្តរការណ៍បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ដោយឡែកពាក់ព័ន្ធនិងការងារពង្រឹងស្ថាប័ននគរបាលសំខាន់ គឺការងារផ្តោតពង្រឹងក្រុមប្រឹក្សាវិន័យ ការងារប្រឡងប្រណាំងដែលក្នុងនោះក៏មានការបង្កើននិងលើកកម្ពស់សមត្ថភាពមន្ត្រីដែលរៀបចំអោយមានវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានោះ ក៏មានការលើកម្ពស់គុណភាព សមត្ថភាពរបស់សមាគមមិត្តនគរបាលដើម្បីជួយគ្នាទៅវិញទៅមកនៅពេលមានធុរៈ ឈឺ ស្កាត់ផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានសំណូមពរចំនួន៦ចំណុច ដើម្បីជំរុញអោយស្នងការរាជធានី-ខេត្ត និងអង្គភាពដើម្បីយកទៅអនុវត្តន៍ដែលក្នុងនោះរួមមាន៖

ទី១-ត្រូវបន្តការងារប្រចាំបញ្ជាគ្រប់ថ្នាក់២៤លើ៧ ត្រូវបើកទ្វាបំរើសេវា២៤ម៉ោងក្នុង១សប្តាហ៍។

ទី២-ចូលរួមសហការ និងបង្កលក្ខណៈក្នុងការទប់ស្កាត់ប្រឆាំងការរីករាលដាលនៃវីរុស Covid-19 ចូលរួមចំណែកអប់រំ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ណែនាំដល់មន្ត្រីសហការជាមួយអាជ្ញាធមូលដ្ឋាន ណែនាំប្រជាពលរដ្ឋ និងចូលរួមសហការស្រាវជ្រាវ រកមុខសញ្ញាដែលមានផ្ទុកមេរោគនេះ តាមសំណើររបស់គណៈកម្មការអន្តរក្រសួង ដើម្បីអនុវត្តន៍ភារកិច្ចបានជោគជ័យ។

ទី៣-ត្រៀមកម្លាំងក្នុងករណីដែលរដ្ឋាភិបាលដាក់ប្រទេសក្នុងភាពអាសន្ន គឺត្រូវត្រៀមលក្ខណៈ សម្បត្តិទាំងកម្លាំង មធ្យោបាយ សម្ភារៈ អោយបានរួចរាល់ទាន់ពេលវេលា។

ទី៤-ប្តេជ្ញាចិត្តអនុវត្តន៍អោយបានសំរេចនូវផែនការសកម្មភាពដែលបានដាក់ចេញ ដែលក្រសួងបានប្រកាសឡើងអោយប្រើប្រាស់ និងបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ មេសាកន្លងមកនេះ។

ទី៥-ពង្រឹងប្រៀបលេីកកម្ពស់កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ ធ្វើយ៉ាងណាជាកងឯកភាពមួយដែលសមរម្យ មានកិត្តិយស ថ្លៃថ្នូរ ជាពិសេសត្រូវពង្រឹងទាំងវិន័យ ឥរិយាបថ របៀបរៀបរយឯកសណ្ឋានធ្វើការងារ ទាំងវិន័យសីលធម៌ និងត្រូវមានយន្តការដើម្បីបំភ្លឺឆ្លើយតបពីការទិតៀន របស់សាធារណៈជន និងប្រជាពលរដ្ឋ ហើយប្រសិនបើព័ត៌មាន មានលក្ខណៈជាព័ត៌មានបែបបំពុលយើងត្រូវធ្វើការបកស្រាយដើម្បីបន្សាបព័ត៌មាននោះ ដើម្បីការពារកុំអោយប៉ះពាល់ដល់កិត្តិយសអង្គភាព និងកិត្តិយសរបស់នគរបាលជាតិ។

ទី៦-ស្នើអោយគ្រប់នាយកដ្ឋាន និងអង្គភាពទទួលយកផែនការនេះទៅពិនិត្យនិងដឹកនាំចាត់តាំងអនុវត្តន៍អោយមានប្រសិទ្ធិភាព។

ឯកឧត្តមអគ្គស្នងការ នូវបានបញ្ជាក់ថា លើកនេះផែនការសកម្មភាពបានរៀបចំនិងរុញចង្អុលទៅអោយថ្នាក់ក្រោមអនុវត្តន៍ ក៏ប៉ុន្តែសំរាប់ឆ្នាំក្រោយនិងធ្វើការប្រមូលធាតុចូលទាំងអស់ពីថ្នាក់ក្រោម ពីនាយកដ្ឋានជំនាញ ពីស្នងការរាជធានី-ខេត្តលើកឡើងនៅផែនការសកម្មភាពរបស់ខ្លួនឯង ដើម្បីដាក់អោយអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានសេនាធិការដ្ឋាន ជាសេនាធិការជូនអគ្គស្នងការដើម្បីពិនិត្យកែរសំរួល និងប្រមូលធាតុចូលពីអគ្គស្នងការរងទទួលផែនទាំងអស់ ដើម្បីអោយផែនការសកម្មភាពឆ្នាំក្រោយកាន់តែមានភាពល្អប្រសើរជាងឆ្នាំនេះ៕អត្ថបទ÷ឃឹម វិសាល