ព័ត៌មានជាតិ

ក្រសួងធនធានទឹកនិងឧតុនិយមបង្ហាញការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២០

image

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យដឹងថាបន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២០ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖

       ផ្អែកទៅលើស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២០ នេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត        ( Neutral ) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់) ។ ចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ ២០២០ (រយៈពេល ០៦ ខែ) បាតុភូតធម្មជាតិដែលមាន ឥទ្ធិពលមកលើអាកាសធាតុព្រះរាជាណាចក្រកម្ពុជាមាន ៖ បាតុភូត Neutral មាន ៦០ % បាតុភូត El Nino មាន ១០ % និងបាតុភូត La Nina មាន ៣០ % នៅក្នុងខែតុលា ។

២- រដូវវស្សាឆ្នាំ ២០២០ ៖

ក- ដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២០ នឹងចូលមកដល់លឿនជាងឆ្នាំ ២០១៩ ដែលជាប្រក្រតីភាពរដូវវស្សា តែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរដែលស្មើ ឬលើមធ្យមភាគច្រើនឆ្នាំ ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើននៅក្នុងខែឧសភា និងខែមិថុនា 

ខ- ពាក់កណ្តាលរដូវវស្សា ៖ នៅក្នុងខែសីហា និងខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាលឲ្យខេត្តមួយចំនួន ដែលមានភូមិសាស្រ្តនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែល  បណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ ។

គ- ចុងរដូវវស្សា ៖ 

- បណ្តាខេត្តនៅតំបន់ខ្ពង់រាប ៖  រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី  ២  នៃ       ខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិច ទៅមធ្យម ។

- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ៖ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៣ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ

៣- កូនរដូវប្រាំង ៖

កូនរដូវប្រាំង  អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី  ២  នៃខែកក្កដា  រហូតដល់ដំណាច់    ខែកក្កដា ឆ្នាំ ២០២០ ។

៤- ស្ថានភាពព្យុះ ៖

 នៅក្នុងឆ្នាំ ២០២០ នេះ អាចនឹងមានព្យុះកើតឡើងប្រមាណពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤-៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ។ 

យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បានជ្រាបជាព័ត៌មាន ៕