អភិបាលខេត្តប៉ៃលិន ជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បានជំរុញអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដោយយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលករដែលទើបវិលត្រឡប់ មកពីធ្វើការនៅក្រៅប្រទេស ឲ្យបានល្អ ដើម្បីធានាបាន នូវការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ពីខាងក្រៅមកចម្លងនៅក្នុងសហគមន៍។ 

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៧៥គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាជំងឺកូវីដ១៩នេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយឡែកនៅប្រទេសកម្ពុជាវិញ ជំងឺកូវីដ១៩នេះ ក៏នៅមានអ្នកឆ្លងផងដែរ។ ក្នុងន័យនេះ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃនឹងសាប៊ូ ឬ អាល់កុល និងហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ក្រម៉ា និងមិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែមានការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព និងត្រៀមបំរុងទុកស្បៀងអាហារសម្រាប់ផ្តល់ជូនពលរដ្ឋនៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ហើយបើប្រជាពលរដ្ឋណា មានការសង្ស័យឆ្លងជំងឺកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនពួកគាត់ទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យអោយទាន់ពេលវេលា។

សូមជម្រាបថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៧៥គ្រួសារ ក្នុងនោះឃុំស្ទឹងកាច់ ចំនួន ៤៨គ្រួសារ និងឃុំអូរអណ្តូង ចំនួន ២៧គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកអាលកុល សម្រាប់លាងសម្អាតដៃ ១ដប ផងដែរ៕អត្ថបទ : សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation