ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់ចំនួន២

image

ភ្នំពេញ៖ នៅទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធ មហាប្រល័យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។ 

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «កិច្ចប្រជុំអន្តរក្រសួង នាព្រឹកថ្ងៃនេះ ដើម្បីពិនិត្យកែសម្រួល និងឆ្លងសេចក្ដីព្រាងច្បាប់ទាំងពីរនេះ  គឺជាកិច្ចប្រជុំលើកចុងក្រោយហើយ ដោយសារចំណុច ដែលត្រូវកែសម្រួល ក្នុងច្បាប់នេះនៅតិចតួចប៉ុណ្ណោះ»។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពិនិត្យកែសម្រួលបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ នឹងត្រូវបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងពេលតែមួយតែម្ដងនាពេលខាងមុខនេះ៕