ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជក់ថា កម្ពុជាជ្រើសរើស ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី និងធ្វើជារដ្ឋដែលគោរពច្បាប់

image

បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងថា បានពន្យល់ពីការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី និងការដោះស្រាយដោយកម្លាំង ដោយសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាជ្រើសការដោះស្រាយដោយសន្ដិវិធិ និងជារដ្ឋដែលគោរពច្បាប់ ហើយប្រសិនបើកម្ពុជាផ្ទុះអាវុធមុន នោះកម្ពុជានឹងត្រូវបរាជ័យ លើផ្នែកនយោបាយ និងការទូត ដោយជាការបំពានបទឈប់បាញ់ ហើយអន្ដរជាតិ នឹងដាក់កំហុសមកកម្ពុជា ដោយចាត់ទុកថា កម្ពុជាជាអ្នកបង្កហេតុ ដូចនេះកម្ពុជាមិនត្រូវផ្ទុះអាវុធមុនជាដាច់ខាត។

ថ្លែងបែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោ បានបន្ដថា ការបរាជ័យខាងនយោបាយ និងការទូត គឺធ្ងន់ធ្ងរជាងការបរាជ័យ ខាងកម្លាំងប្រដាប់អាវុធទៅទៀត។ ក្នុងន័យនេះ ប្រសិនបើមានការផ្ទុះអាវុធ លទ្ធផលដែលអាចទាយទុកមុនបាន នោះគឺ កងទ័ព ប្រជាជន នឹងត្រូវស្លាប់ ឬរបួស សូម្បីតែភូមិបណ្ដោះអាសន្ន ដែលពលរដ្ឋភៀសសឹកកំពុងរស់នៅ អាចនឹងខូចខាតជាក់ជាពុំខាន ដែលនេះជាអ្វីយើងដែលយើងមិនចង់បាន ហើយការដោះស្រាយដោយកម្លាំង នឹងមិនអាចដោះស្រាយទៅរួចបានទេ។

ស្របជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា ការដោះស្រាយដោយសន្ដិវិធី បើទោះជាត្រូវការពេលវេលា ក៏ពិតមែន តែគឺជាការដោះស្រាយមួយ ដែលផ្ដល់ផលប្រយោជន៍ទាំងសងខាង ហើយកម្ពុជាត្រូវតែគោរព និងថ្នាក់ថ្នមបទឈប់បាញ់ជាចាំបាច់ ដើម្បីទ្រទ្រង់សភាពការណ៍៕

អត្ថបទ៖ ឈឹម ធីតា