ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអ៊ែលអះអាងថា ការបាញ់ប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអ៊ែល ធ្វើឡើងដើម្បីសងសឹកជំនួសក្រុមហេសបូឡាហ៍

image
អ៊ីស្រាអ៊ែល៖ កងទ័ពអ៊ីស្រាអ៊ែល (IDF) បានប្រកាសពីការបើកការវាយប្រហារតាមអាកាសចំនួនពីរលើកធំៗ ទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ដើម្បីធ្វើឱ្យរបបទីក្រុងតេហ៍រ៉ង់ទន់ខ្សោយ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែល ចោទប្រកាន់ថា ការដែលអ៊ីរ៉ង់បាញ់មីស៊ីលតបតមកលើអ៊ីស្រាអ៊ែល គឺជាលេសសងសឹកជំនួសឱ្យក្រុមហេសបូឡាហ៍នៅលីបង់ បន្ទាប់ពីអ៊ីស្រាអ៊ែលបានកម្ទេចមូលដ្ឋានរបស់ក្រុមនេះនៅក្នុងតំបន់ ដាហ៊ីយ៉េហ៍ (Dahieh) កាលពីថ្ងៃមុន ។
 
ភ្លាមៗបន្ទាប់ពីមានការវាយប្រហារគ្នាពេញមួយយប់ ដែលជាការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ ភាគីទាំងសងខាងបានបង្ហាញសញ្ញាថយចុះកម្តៅវិញ ដោយអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលបានប្រកាសបញ្ចប់ការវាយប្រហារគ្នាជាបណ្ដោះអាសន្ន។ យុទ្ធសាស្ត្រថយក្រោយម្នាក់មួយជំហាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខបញ្ជាឱ្យភាគីទាំងពីរដកថយ និងបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ ។
 
នៅក្នុងសេចក្តីថ្លែងការណ៍ថ្នាក់ជាតិ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ លើកឡើងថា អ៊ីស្រាអ៊ែលបច្ចុប្បន្ន មានភាពរឹងមាំជាងពេលណាៗទាំងអស់ ខណៈអ៊ីរ៉ង់ និងហេសប៊ូឡាហ៍កំពុងតែទន់ខ្សោយបំផុត ។
 
ការថ្លែងសាររបស់លោកណេតាន់យ៉ាហ៊ូខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានរបាយការណ៍សម្ងាត់ទម្លាយថា លោក ត្រាំ ធ្លាប់បានស្តីបន្ទោសលោក ណេតាន់យ៉ាហ៊ូ យ៉ាងខ្លាំងៗជុំវិញការប៉ុនប៉ងពង្រីកសង្រ្គាមទៅកាន់ទីក្រុងបេរូត ដែលអាចធ្វើឱ្យរំខានដល់ការចរចាជាមួយអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.