សង្គម

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិចវៀតណាម ដើម្បីតភ្ជាប់ និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយធុរជនវៀតណាមក្នុងវិស័យបច្ចេកវិទ្យា

image


ទីក្រុងហាណូយ៖ ក្នុងឱកាសអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន HANEL PT ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់វៀតណាម ក្នុងវិស័យផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីតភ្ជាប់ និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយធុរជនវៀតណាមក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យាអេឡិចត្រូនិករបស់ប្រទេសវៀតណាម។

ក្រុមហ៊ុន HANEL PT ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ដោយបានក្លាយជាក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងការផលិត ការកែច្នៃ និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិកកម្រិតខ្ពស់។ ជាមួយនឹងបទពិសោធន៍ជាង ២ទសវត្សរ៍ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការស្តង់ដារខ្ពស់ជាង ១៩ឆ្នាំ ជាមួយដៃគូជប៉ុន ក្រុមហ៊ុនបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបចុងក្រោយ ជាមួយនឹងវប្បធម៌ការងារដ៏ល្អិតល្អន់ ប្រកបដោយភាពជាក់លាក់ និងរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ៕

អត្ថបទ ៖ ហ៊ន សុភ័ក្រ