លោក ពុទីន រិះគន់ធ្ងន់ៗលើការប្រើប្រាស់ប្រាក់ដុល្លារជាឧបករណ៍គាបសង្កត់សេដ្ឋកិច្ចពិភពលោក
រុស្ស៊ី៖ នៅក្នុងមហាសន្និបាតនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិស៊ែនភែតធើស្ប៊ើក (SPIEF) កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន បានប្រកាសយ៉ាងច្បាស់ថា គំរូសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលដឹកនាំដោយនិន្នាការសេរីនិយមរបស់លោកខាងលិច កំពុងស្ថិតក្នុងវិបត្តិគ្រប់ជ្រុងជ្រោយ និងបាត់បង់តុល្យភាព។ លោកសង្កត់ធ្ងន់ថា វិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨ និង២០០៩ មិនត្រូវបានដោះស្រាយឱ្យដាច់ស្រឡះឡើយ ពោលគឺការបន្តប្រើប្រាស់គោលនយោបាយបន្ធូរបន្ថយសាច់ប្រាក់នាពេលកន្លងមក គ្រាន់តែជាការរុញច្រានបញ្ហាទុកទៅថ្ងៃមុខតែប៉ុណ្ណោះ ។
លោកប្រធានាធិបតីរុស្ស៊ី បានរិះគន់ចំៗទៅលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ចំពោះការព្យាយាមរក្សាឥទ្ធិពលផ្តាច់មុខរបស់ខ្លួនតាមរយៈវិធីសាស្ត្រនៃការប្រើប្រាស់អំណាចនយោបាយ ឥទ្ធិពលយោធា ច្បាប់ជាតិ ឬការដាក់ទណ្ឌកម្ម និងការគំរាមកំហែងសេដ្ឋកិច្ចជាដើម។ លោកបានលើកយកឧទាហរណ៍ជាក់ស្ដែងមកបង្ហាញ អំពីការព្យាយាមរារាំង និងបំផ្លិចបំផ្លាញគម្រោងបំពង់បង្ហូរឧស្ម័ន ណតស្ទ្រ៊ីម២ (Nord Stream 2) រួមទាំងការដាក់គំនាបលើក្រុមហ៊ុនបច្ចេកវិទ្យា ហ៊ូវ៉ីយ (Huawei) ថាជាទម្រង់នៃ «សង្រ្គាមបច្ចេកវិទ្យា» ក្នុងយុគសម័យឌីជីថល។ លោកបន្ថែមថា ការប៉ុនប៉ងក្រសោបគ្រប់គ្រងផ្ដាច់មុខលើវិស័យបច្ចេកវិទ្យាបែបនេះ កំពុងតែដុតបញ្ឆេះឱ្យមានគម្លាតអយុត្តិធម៌រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រកាន់តែខ្លាំងឡើងៗ ។
លោក ពុទីន បានព្រមានអំពីសេនារីយ៉ូដ៏គ្រោះថ្នាក់ចំនួនពីរសម្រាប់អនាគត គឺការដែលអាម៉េរិកពង្រីកអំណាចតុលាការរបស់ខ្លួនគ្របដណ្ដប់លើពិភពលោកទាំងមូល និងការបែកបាក់នៃលំហសេដ្ឋកិច្ចដោយសារតែគោលនយោបាយអាត្មានិយម ដែលនឹងនាំទៅរកជម្លោះឥតឈប់ឈរ។ ដើម្បីដោះស្រាយវិបត្តិនេះ លោកបានជំរុញឱ្យមានការវិលត្រឡប់ទៅរកការគោរព «អធិបតេយ្យភាព» និងសិទ្ធិអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ ព្រមទាំងទាមទារឱ្យមានការកែសម្រួលតួនាទីរបស់ប្រាក់ដុល្លារអាម៉េរិក ដែលបច្ចុប្បន្នបានក្លាយជាឧបករណ៍សម្រាប់ប្រទេសអ្នកបោះពុម្ភលុយ យកមកគាបសង្កត់ពិភពលោក ។
ជាជំហានជាក់ស្ដែងនៅលើឆាកអន្តរជាតិ រុស្ស៊ីបានស្នើឱ្យមានការលុបបំបាត់យោធូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម (ការយកវិស័យសេដ្ឋកិច្ចធ្វើជាអាវុធនយោបាយ) ដោយធានាថាការចែកចាយទំនិញចាំបាច់សម្រាប់ជីវិតមនុស្ស ដូចជាឱសថ បរិក្ខារពេទ្យ ថាមពល និងការការពារអាកាសធាតុ មិនត្រូវរងការរំខានដោយសង្រ្គាមពាណិជ្ជកម្ម ឬការដាក់ទណ្ឌកម្មនោះឡើយ។ លើសពីនេះ រុស្ស៊ីក៏បានបង្ហាញការត្រៀមខ្លួនក្នុងការបង្កើតឃ្លាំងផ្ទុកព័ត៌មានឌីជីថលរួមមួយនៅលើអ៊ីនធឺណិត ដើម្បីចែករំលែកគម្រោងអភិវឌ្ឍន៍ និងបទពិសោធន៍ជោគជ័យផ្នែកសង្គមនិងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសដទៃទៀត។
សម្រាប់យុទ្ធសាស្ត្រផ្ទៃក្នុង លោក ពុទីន បានដាក់ចេញនូវផែនការជំរុញគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋឱ្យដើរទាន់កម្រិតនៃបទដ្ឋានរស់នៅជាមធ្យមរបស់អឺរ៉ុប តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការកែទម្រង់ប្រព័ន្ធច្បាប់ត្រួតពិនិត្យធុរកិច្ចឱ្យមានតម្លាភាព។ រដ្ឋាភិបាលរុស្ស៊ី ក៏បានត្រៀមខ្លួនបង្កើតភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការស្រាវជ្រាវបច្ចេកវិទ្យាឌីជីថល ថាមពល និងវេជ្ជសាស្ត្រ ព្រមទាំងរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-ឧស្សាហកម្មខ្នាតធំនៅតំបន់ស៊ីបេរី ដើម្បីតភ្ជាប់ទីផ្សាររវាងរុស្ស៊ី អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.